កម្មករ និងសហជីពថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលដែលធ្វើឲ្យកម្មករមានជីវភាពកាន់តែធូរធា គឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ ១ឧសភា

(ភ្នំពេញ)៖ សហជីព និងកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យកម្មករមានជីវភាពកាន់តែធូរធាឡើង គឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ ១ឧសភា។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា មើលឃើញថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់វិស័យការងារ គឺអាចជួយទាក់ទាញនូវកម្លាំងពលកម្ម បង្កើននូវប្រាក់ចំណូលបន្ថែម រួមចំណែកក្នុងការកសាងនូវសុខដុមរមនានៅកន្លែងធ្វើការ ក៏ដូចជាការលើកស្ទួយសិទ្ធិនៅកន្លែងការងារ និងជួយដល់ការប្រកួតប្រជែងនៅទីផ្សារការងារនៅក្នុងប្រទេស ដែលស្របតាមទិវាពលកម្មអន្តរជាតិ ១ ឧសភា យ៉ាងពិតប្រាកដ។

លោកថ្លែងថា « ការដំឡើងប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៦ មិនត្រឹមតែឡើងដល់ ២១០ ដុល្លារ ប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមអត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើជីវភាពកម្មករឲ្យកាន់តែធូរធារជាងមុន»។

ចំណែក អ្នកស្រី នាក់ ស្រីនិច កម្មករនៅរោងចក្រ ណាយស៍ ភែកឃីជីង បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា នេះសបញ្ជាក់ថាជា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលមកលើកម្មករ កម្មការិនី ដែលស្របទៅតាមទិវាពលកម្មអន្ដរជាតិ ១ ឧសភា។

អ្នកស្រី បាននិយាយថា« ការដំឡើងប្រាក់ឈ្នួលរៀងរាល់ឆ្នាំធ្វើឱ្យខ្ញុំអាចសន្សំលុយបានខ្លះ និងផ្ញើទៅជួយគ្រួសារនៅស្រុក ដែលធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃប្រសើរឡើងជាងមុន។ ខ្ញុំសូមអរគុណទៅដល់រាជរដ្ឋាភិបាល ដែលខំប្រឹងស្វះស្វែងរកអ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដើម្បីឲ្យបងប្អូនកម្មករទាំងអស់មានជីវភាពសមរម្យ»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា និយាយថា ការដំឡើងប្រាក់ឈ្នួលនេះបានជួយសម្រាលជីវភាពរបស់កម្មករនិយោជិតយ៉ាងល្អប្រសើរជាងពីមុន។ ជាក់ស្តែងកម្មករនិយោជិតមានលទ្ធភាពចំណាយសម្រាប់ការលំហែ ពេលឈប់សម្រាក ផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនៗ មានប្រាក់សន្សំសម្រាប់ជួយអ្នកផ្ទះ ជាពិសេសឪពុកម្តាយសាច់ញាតិមានគុណជាដើម។

លោកប្រាប់ថា« ការខិតខំដំឡើងប្រាក់ឈ្នួលជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាល បានជួយឲ្យជីវភាពកម្មករនិយោជិតទូទាំងប្រទេសកាន់តែប្រសើរ ដែលពួកគាត់អាចសន្សំលុយកាក់បានច្រើនជាងមុនក្នុងការផ្គត់ផ្គង់គ្រួសារ»។

នៅព្រឹកថ្ងៃទី១ ឧសភានេះ កម្មករ សហជីព និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីគ្រប់និន្នាការបានជួបជុំគ្នា អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៦ ដែលបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ សិទ្ធិការងារត្រូវបានលើកកម្ពស់ សិទ្ធិសេរីភាពកម្មករនិយោជិត និងសហជីពកាន់តែល្អប្រសើរឡើង៕