ក្រសួងទេសចរណ៍ ជាស្ថាប័នទី១២ ដែលទទួលការចុះជំរឿនមន្ត្រីរាជការ ដើម្បីពង្រឹងតម្លាភាព និងប្រសិទ្ធភាពការងារ

យុទ្ធនាការជំរឿនមន្ត្រីរាជការដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរដ្ឋបាល បានឈានមកដល់ក្រសួងទេសចរណ៍ហើយ ដែលជាក្រសួងទី១២ ក្នុងដំណើរការត្រួតពិនិត្យវត្តមានមន្ត្រី និងការរៀបចំជួរមន្ត្រីរាជការឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងតម្លាភាព។

​យុទ្ធនាការនេះត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដោយមានការចូលរួមសហការពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលដំណើរការជំរឿននេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

ការចុះពិនិត្យនេះធ្វើឡើងដោយផ្ទាល់នៅតាមអង្គភាពចំណុះទីស្តីការក្រសួង ដើម្បីផ្ទៀងផ្ទាត់វត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែង ស្របតាមរចនាសម្ព័ន្ធដែលបានកំណត់។

យុទ្ធនាការជំរឿនមន្ត្រីរាជការគឺធានាឱ្យបាននូវការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីឱ្យបានច្បាស់លាស់ ដោយមិនឱ្យរំខានដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារប្រចាំថ្ងៃរបស់អង្គភាពឡើយ។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ គឺជាស្ថាប័នទី១២ ដែលបានអនុវត្តវិធានការជំរឿននេះ ក្នុងគោលដៅជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ ហើយយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរដ្ឋបាល និងការជំរឿនមន្ត្រីជាក់ស្តែងនេះ គឺជាវិធានការគន្លឹះមួយស្ថិតក្នុងរបៀបវារៈកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅពង្រឹងសមត្ថភាព ស្ថាប័នរដ្ឋបាលថ្នាក់ជាតិឱ្យកាន់តែរឹងមាំ ស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យឌីជីថល៕