ការវាយប្រហារដោយ Drone របស់រុស្ស៊ីទៅលើទីក្រុង Odesa ក្នុងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង១៤នាក់រងរបួស

អាជ្ញាធរតំបន់បាននិយាយថា មនុស្សពីរនាក់បានស្លាប់ និងជាង១០នាក់រងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីកាលពីយប់មិញនេះនៅលើទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa ក្នុងប្រទេសអ៊ុយក្រែន។ សេវាសង្គ្រោះបន្ទាន់នៃរដ្ឋអ៊ុយក្រែនបានរាយការណ៍ថា អគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារជាដំណំ។ យោងតាមរបាយការណ៍បានឲ្យដឹងថាអគារលំនៅដ្ឋានជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ។ បុគ្គលិកសង្គ្រោះបន្ទាន់ជាង ១៤០ នាក់បានចូលរួមក្នុងប្រតិបត្តិការនៅទូទាំងទីក្រុងដើម្បីដោះស្រាយផលវិបាកក្រោយការវាយប្រហារនោះ។ លោក Oleh Kiper ជាប្រធានរដ្ឋបាលនៃតំបន់ Odesa បាននិយាយថា យន្តហោះគ្មានមនុស្សបើក ឬ Drone របស់រុស្ស៊ីក៏បានវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងដែរ ដែលបានបើកបរក្រោមទង់ជាតិ Saint Kitts និង Nevis ដែលបានធ្វើដំណើរទៅកាន់កំពង់ផែ Odesa។ លោក Kiper បាននិយាយថា អគ្គីភ័យបានឆាបឆេះនៅលើកប៉ាល់នោះ ប៉ុន្តែមិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ