ក្រសួងបរិស្ថានកម្ពុជាបង្ហាញថា ការត្រួតពិនិត្យគុណភាពទឹកជាប្រចាំតាមបណ្តោយទន្លេមេគង្គ មានស្ថានភាពនៅតែស្ថិតក្នុងកម្រិត «ល្អ»ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៦។
ក្រសួងបរិស្ថានធ្វើការវាយតម្លៃគុណភាពទឹកប្រចាំខែនៅតាមទីតាំងតាមដាន ត្រួតពិនិត្យចំនួន១១ ទីតាំង ដោយការអនុវត្តសហការជាមួយមន្ទីរបរិស្ថានខេត្ត និងរាជធានីតាម នៅតាមបណ្តោយទន្លេមេគង្គរួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ភ្នំពេញ និងព្រៃវែង។
ការវាយតម្លៃផ្តោតលើប៉ារ៉ាម៉ែត្រសំខាន់ៗចំនួន១២ ដែលប្រើដើម្បីវាយតម្លៃគុណភាពទឹកសម្រាប់ការពារសុខភាពសារធារណៈ រួមមាន pH អុកស៊ីសែនរលាយក្នុងទឹក (DO) សារធាតុរឹងសរុប (TSS) អុកស៊ីសែនជីវគីមី (BOD) អុកស៊ីសែនគីមី (COD) អាសូត (TN) ផូស្វ័រ (TP) អាសូតនីត្រាត (NO3-N) និងលោហធាតុធ្ងន់ដូចជា កាដមីញ៉ូម (Cd) ក្រូមីញ៉ូមហិចសាវ៉ាឡង់ (Cr6+) សំណ (Pb) និងបារត (Hg)។
យោងតាមលទ្ធផលចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ គុណភាពទឹកទន្លេមេគង្គត្រូវបានកត់ត្រាជាប់លាប់ក្នុងកម្រិត “ល្អ” នៅតាមទីតាំងគោលដៅទាំង១១ទីតាំង ដែលត្រូវបានត្រួតពិនិត្យ។ ការរកឃើញបង្ហាញថា គុណភាពទឹកទន្លេមេគង្គ នៅតែស្ថិតកម្រិតអនុឡោមតាមស្តង់ដារជាតិ សម្រាប់គុណភាពទឹកលើដី។ ក្រសួងបរិស្ថាន សុមបញ្ជាក់ជូនថា ការត្រួតពិនិត្យជាប្រចាំដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការរកឃើញដំបូងនៃការបំពុលដែលអាចកើតមាន និងគាំទ្រដល់ការគ្រប់គ្រងធនធានទឹកដោយផ្អែកលើភស្តុតាង វិទ្យាសាស្រ្ត។
ទិន្នន័យលម្អិត និងការបកស្រាយបច្ចេកទេសត្រូវបានចងក្រងសម្រាប់ជាឯកសារយោងនាពេលអនាគត។ ជាមួយគ្នានេះក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការថែរក្សាគុណភាពទឹក តាមរយៈការចុះពិនិត្យនិងការអនុវត្តតាមដានគុណភាពទឹកទន្លេមេគង្គជាបន្ត និងពង្រឹងលើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធផងដែរ៕



