ការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ គឺជាកត្តាចាំបាច់ក្នុងការធានាការគោរពច្បាប់ការងារ ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក
(ភ្នំពេញ)៖ ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គវិក្រឹតការស្តីពីច្បាប់ការងារ និងបច្ចេកទេសអធិការកិច្ចការងារសម្រាប់អធិការការងារ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ ក៏ដូចជាធានាការគោរពច្បាប់ការងារ ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះមុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៣ ផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារ សំដៅអភិវឌ្ឍទីផ្សារការងារ និងពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាដៃគូសង្គមដ៏សំខាន់ក្នុងការជ្រោមជ្រែងការអភិវឌ្ឍសង្គម និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ដើម្បីចូលរួមគាំទ្រនិងអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានដាក់ចេញនូវគោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ សម្រាប់ជាផែនទីចង្អុលផ្លូវក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្ស៊ីនិងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺជាមូលដ្ឋានសំខាន់ក្នុងការគ្រប់គ្រងទំនាក់ទំនងការងារ និងការធានាឱ្យមានតុល្យភាពរវាងសិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។ ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ត្រូវការយន្តការត្រួតពិនិត្យ និងតាមដានដែលមានភាពច្បាស់លាស់ វិជ្ជាជីវៈ សុក្រឹតភាព និងឯករាជ្យក្នុងការបំពេញមុខងារតាមច្បាប់។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា ការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ គឺជាកត្តាចាំបាច់ក្នុងការធានាការគោរពច្បាប់ការងារ ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍តាមរយៈវិធានការសំខាន់ៗចំនួន៥ ដើម្បីជំរុញការកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការធ្វើអធិការកិច្ចការងារ រួមមាន៖ ទី១.ត្រូវបន្តពង្រឹងចំណេះដឹងផ្នែកច្បាប់ស្ដីពីការងារដល់អធិការការងារ, ទី២.ត្រូវធ្វើទំនើបកម្មបច្ចេកទេសអធិការកិច្ចការងារ ដោយផ្តោតលើការធ្វើអធិការកិច្ចផ្អែកលើហានិភ័យ និងទិន្នន័យ, ទី៣.ត្រូវពង្រឹងជំនាញអនុវត្តជាក់ស្តែង, ទី៤.ត្រូវពង្រឹងកិច្ចសហការ និងការចូលរួមពីភាគីពាក់ព័ន្ធ, ទី៥.ត្រូវលើកកម្ពស់សីលធម៌វិជ្ជាជីវៈ និងសុចរិតភាពរបស់អធិការការងារ៕


