រដ្ឋបាលខេត្តព្រះសីហនុរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៦» ដើម្បីពង្រឹងកិច្ចសន្ទនា និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុង «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៦» ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ។
ឯកឧត្តម វង្ស ផាណាត បានបញ្ជាក់ថា ការរៀបចំវេទិកានេះគឺអនុលោមតាមច្បាប់ និងអនុក្រឹត្យស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យក្រុមប្រឹក្សាខេត្តរៀបចំឡើងជារៀងរាល់ឆ្នាំ។ គោលបំណងសំខាន់គឺដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវ បញ្ហា សំណើរ សំណួរ ឬសំណូមពរ ព្រមទាំងជំរុញកិច្ចសន្ទនារវាងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប។ ភាគីពាក់ព័ន្ធទាំងអស់ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបន្ថែមថា វេទិកានេះក៏ជាឱកាសក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងអាទិភាពការងារសម្រាប់ឆ្នាំខាងមុខ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋបាលខេត្ត ក្រុង សង្កាត់ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ ចំពោះសំណើ និងសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងនាពេលកន្លងមក រដ្ឋបាលខេត្ត ក្រុង អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពជំនាញ បានខិតខំដោះស្រាយទទួលបានលទ្ធផលគួរឱ្យកត់ សម្គាល់ ខណៈបញ្ហាដែលនៅសេសសល់ គឺបន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយឱ្យបានសម្រេចលទ្ធផល ១០០ភាគរយពេញលេញ។
វេទិកានេះ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព សមធម៌ និងការផ្ដល់សេវារដ្ឋបាល ក៏ដូចជាសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
អត្ថបទ : កញ្ញា មឿន ស្រីមុំ

រូបភាព: រដ្ឋបាលខេត្តព្រះសីហនុ

