ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងបន្ថែម ដោយបានកៀរគរទុនរយៈពេលវែង ប្រមាណ ១០០ លានដុល្លារ

​នាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅអគារផ្សារមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង របស់ក្រុមហ៊ុន ស្នេថេក ជុភីធើរ ឯ.ក (SchneiTec Jupiter Co., Ltd.) នៅក្នុងផ្សារមូលបត្រកម្ពុជា”, ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ។

​ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សាវើ បេថែល ( Xavier Bettel) ឧបនាយករដ្ឋមន្ត្រី នៃប្រទេសលុចសំបួរ, ឯកឧត្តម ហ្សង់ អូលីងស៊ែរ (Jean Olinger) ឯកអគ្គរដ្ឋទូត និងជាតំណាងនាយករដ្ឋមន្ត្រី ប្រចាំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (La Francophonie), ឯកឧត្តមឯកអគ្គរដ្ឋទូតចាត់តាំងនៃប្រទេសលុចសំបួរ ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចំាព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោកបណ្ឌិត ហេង សុជាតិអគ្គនាយកក្រុមហ៊ុន SchneiTec Jupiter, ឯកឧត្តម លោកជំទាវ, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ។

​ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងការអបអរសាទរជូន គណៈគ្រប់គ្រង និង បុគ្គលិកនៃក្រុមហ៊ុន SchneiTecJupiter ក្រោមការដឹកនាំដោយលោកបណ្ឌិត ហេង សុជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញតាមលក្ខខណ្ឌ និង នីតិវិធីនៃការចុះបញ្ជី រហូតសម្រេចបានការកៀរគរទុនរយៈពេលវែង ប្រមាណ ១០០ លានដុល្លារអាមេរិក តាមរយៈបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង ។

​ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះវត្តមានរបស់ ឧបនាយករដ្ឋមន្ត្រីលុចសំបួរ និង តំណាងអង្គទូតនានា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធីនេះ ។ វត្តមាននេះ គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់អំពីការគាំទ្រ និង ចំណងមិត្តភាពអន្តរជាតិដ៏រឹងមាំ ជាមួយព្រះរាជាណាចក្រកម្ពុជា ។

​ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ពិធីចុះបញ្ជីនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និង មានអត្ថន័យពិសេសមួយ ដោយហេតុថា វាជាព្រឹត្តិការណ៍ ដែលបានបង្ហាញអំពីការរួមបញ្ចូលគ្នា រវាងការអភិវឌ្ឍទីផ្សារមូលធន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និង ជាប្រទេសដែលបំភាយឧស្ម័នកាបូន កម្រិតទាប ។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ តម្រូវឱ្យមានការវិនិយោគយ៉ាងច្រើន, ហើយប្រភពថវិការដ្ឋតែម្ខាង ពិតជាមិនអាចបំពេញតម្រូវការទាំងអស់បានទេ ។ ក្នុងន័យនេះ, ការកៀរគរទុនពីវិស័យឯកជន តាមរយៈទីផ្សារមូលធន, ជាពិសេស តាមរយៈ សញ្ញាបណ្ណតាមវិស័យ (Thematic Bonds) គឺជាដំណោះស្រាយសមស្រប សម្រាប់ការតភ្ជាប់ប្រភពទុនរយៈពេលវែង ទៅនឹងគម្រោងដែលមានផលប៉ះពាល់វិជ្ជមាន លើបរិស្ថាន និង សង្គម ។

​ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង របស់ក្រុមហ៊ុន SchneiTec Jupiter នាពេលនេះ មិនត្រឹមតែជាការកៀរគរទុនរបស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ, ប៉ុន្តែ គឺជាការចូលរួមចំណែកដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចបៃតង តាមរយៈការបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារបៃតង និង ការធានាដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព សម្រាប់មនុស្សជំនាន់ក្រោយ ។

​ឯកឧត្តម សាវើ បេថែល ( Xavier Bettel) ឧបនាយករដ្ឋមន្ត្រីនៃប្រទេសលុចសំបួរ បានមានប្រសាសន៍ថា ក្នុងនាមជាមជ្ឈមណ្ឌលសកលសម្រាប់ឧបករណ៍សញ្ញាបណ្ណប្រកបដោយចីរភាព, រដ្ឋាភិបាលលុចសំបួ មានសេចក្តីសោមនស្ស ដោយបានឃើញកិច្ចសហប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានផ្សារភ្ជាប់មហិច្ឆតាថាមពលស្អាតរបស់កម្ពុជា ទៅនឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយចីរភាព ។ ឯកឧត្តម មានសង្ឃឹមមុតមាំថា ការបោះផ្សាយលក់សញ្ញាបណ្ណនេះនឹងផ្តល់ទំនុកចិត្តបន្ថែមទៀត ដល់ធុរជន និង វិនិយោគិន ក្នុងការចូលរួមក្នុងទីផ្សារមូលបត្រដែលកំពុងមានការរីកចម្រើន មួយនេះ ។

​ឯកឧត្តម ដេរិក យីប (H.E. Mr Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលីមានសេចក្តីសោមនស្ស ដែលបានសហការជាមួយ និយ័តករមូលបត្រកម្ពុជា (SERC) ក្នុងការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និង បានរួមចំណែកក្នុងការបោះផ្សាយលក់សញ្ញាបណ្ណជាប្រវត្តិសាស្ត្រ នាពេលនេះ ។ រដ្ឋាភិបាលអូស្ត្រាលី សូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនកាន់តែច្រើន ឱ្យអនុវត្តតាមគំរូនេះ តាមរយៈការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការវិនិយោគបន្ថែមទៀត លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនប្រកបដោយចីរភាព សន្តិសុខថាមពល និង ភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ។

​ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា ការអភិវឌ្ឍបៃតង គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការលើកកម្ពស់គុណភាពបរិស្ថាន និងសន្តិសុខថាមពលជាតិ។ ក្នុងន័យនេះ ការចុះបញ្ជីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធគម្រោងបៃតងរបស់ក្រុមហ៊ុន SchneiTec Jupiter គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលរួមចំណែកដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ការផលិតថាមពលកកើតឡើងវិញ និងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនី ។

​ឯកឧត្តម ហុង សុហួរ បានជម្រាបជូនអង្គពិធីថា តាមរយៈសមិទ្ធផលនេះ បានបង្ហាញឱ្យឃើញថា យើងបាន និង កំពុងបន្តបំពេញបេសកកម្មដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ពោលគឺការគាំទ្រដល់ការកៀរគរទុនរយៈពេលវែង របស់សហគ្រាសធុនតូច និង មធ្យមក្នុងស្រុក ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្ម, រួមចំណែកដល់ការផ្គត់ផ្គង់ថាមពលស្អាត និង ប្រកបដោយចីរភាពជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ។ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទាំងអស់ ក៏ដូចជាក្រុមហ៊ុនអន្តរជាតិដែលមានសក្តានុពល និងលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវនៃការចុះបញ្ជី ក្នុងការចូលរួមកៀរគរទុនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

​លោកបណ្ឌិត ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន SchneiTec Jupiter បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់និយ័តករមូលបត្រកម្ពុជា (SERC), ផ្សារមូលបត្រកម្ពុជា (CSX), រដ្ឋាភិបាលអូស្ត្រាលី និង ដៃគូពាក់ព័ន្ធនានាក្នុងដំណើរឆ្ពោះទៅសម្រេចបានសមិទ្ធផល នាពេលនេះ ។ សញ្ញាបណ្ណនេះ បានបង្ហាញឱ្យឃើញអំពីរបៀបដែលហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ អាចជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតធំៗ ទន្ទឹមនឹងការរួមចំណែកដល់សន្តិសុខថាមពល និង កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា ។

​ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យមូលបត្រនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន រឹងមាំ មានតម្លាភាព និង ទទួលបានទំនុកចិត្តខ្ពស់ តាមរយៈយុទ្ធសាស្ត្រស្នូលចំនួន ៥ រួមមាន៖ ១). បន្តពង្រឹងក្របខណ្ឌគតិយុត្ត និង អភិបាលកិច្ចសាជីវកម្ម ឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ, ២). បន្តធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និង ហិរញ្ញវត្ថុបៃតង, ៣). បន្តលើកទឹកចិត្តក្រុមហ៊ុនបោះផ្សាយ និង ការពង្រីកមូលដ្ឋានវិនិយោគិន, ៤). បន្តរួមចំណែកធ្វើបរិវត្តកម្មឌីជីថល និង នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ, និង ៥). បន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និង ការផ្សព្វផ្សាយជាសាធារណៈ អំពីការវិនិយោគក្នុងវិស័យមូលបត្រ ដល់សាធារណជន ៕