កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីអភិវឌ្ឍវិស័យការងារ និងការកសាងធនធានមនុស្ស
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករ និងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម គីម ឆាងយ៉ុង ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះកូរ៉េដែលតែងតែផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការដល់ពលករខ្មែរ ដើម្បីបានទៅបំពេញការងារទាន់ពេលវេលាតាមតម្រូវការរបស់និយោជកកូរ៉េ ជាពិសេសនៅក្នុងរដូវកាលដ៏មមាញឹកផ្នែកកសិកម្មនៅកូរ៉េ។ ការបើកឱកាសនេះបានធ្វើឱ្យប្រទេសកូរ៉េក្លាយជាក្តីស្រមៃមួយរបស់ពលរដ្ឋកម្ពុជា ដោយសារថៅកែមានចិត្តល្អ ទទួលបានប្រាក់ឈ្នួលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងត្រឡប់មកវិញជាមួយនឹងជំនាញច្បាស់លាស់។
ឯកឧត្ដមបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ និងការរួមចំណែកដ៏សំខាន់របស់កូរ៉េក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET), សុវត្ថិភាព និងសុខភាពការងារ, ការអភិវឌ្ឍសេវាកម្មការងារ និងប្រព័ន្ធឌីជីថល ក៏ដូចជាវិស័យសន្តិសុខសង្គម និងការស្តារសមត្ថភាពឡើងវិញជាដើម។ ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមេសា ម្សិលមិញ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង KOICA បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា”។
ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានលើកឡើងពីកិច្ចខិតខំរួមគ្នារវាងក្រសួងការងារ និងក្រសួងមហាផ្ទៃកម្ពុជាក្នុងការពង្រឹងយន្តការទប់ស្កាត់បទល្មើសអនឡាញ ក៏ដូចជាការរឹតបន្តឹងការចេញបណ្ណការងារដល់ជនបរទេសដែលមិនមានប្រភពក្រុមហ៊ុនច្បាស់លាស់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើជនបរទេស ដែលរួមមានទាំងជនជាតិកូរ៉េផងដែរ។
ជាការឆ្លើយតប ឯកឧត្តម គីម ឆាងយ៉ុងមានប្រសាសន៍ថា ឯកឧត្តមមានកិត្តិយសនិងក្តីរីករាយក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ផូរផង់និងសម្បូរបែប ដែលទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនឹងឈានដល់ខួប៣០ឆ្នាំ នៅឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ យ៉ាងសកម្មជាពិសេសលើផ្នែកអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ហេង សួរ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកវិនិយោគ និងពលរដ្ឋកូរ៉េនៅកម្ពុជា ក៏ដូចជាពលករកម្ពុជានៅកូរ៉េ តាមរយៈការអញ្ជើញទៅសួរសុខទុក្ខផ្ទាល់ ដែលបង្ហាញពីមិត្តភាពជាមួយកូរ៉េយ៉ាងពិតប្រាកដ ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ កាលពីឆ្នាំ ២០២៥។
ដោយមើលឃើញពីភាពជោគជ័យនៃក្រុមការងារនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតក្រុមការងារមួយលើយន្តការដែលមានស្រាប់ ដើម្បី ដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងនិយោជក និងកម្មករនិយោជិតផងដែរ។ ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា ហើយបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាព ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យការងារ ជាមួយនឹងការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូដ៏រឹងមាំនេះនឹងបន្តនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕



