រដ្ឋមន្រ្តីសុខាភិបាល៖ «ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរលើគោលការណ៍សមធម៌ និងមិនទុកនរណាម្នាក់ចោលមិនទទួលបានការថែទាំ ព្យាបាលឡើយ»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៦២ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានបន្តបម្រើសេវាថែទាំព្យាបាល យ៉ាងសកម្មនៅតាមមន្ទីរពេទ្យ និងត្រៀមបម្រើសេវាសង្គ្រោះនៅតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ និងជូនពរមន្រ្តីសុខាភិបាលទាំងអស់ មានសិរីសួស្តី និងទទួលបានជោគជ័យក្នុងភារកិច្ចបន្ថែមទៀតនៅនៅក្នុងឆ្នាំមមីនេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញមន្ទីរពេទ្យគ្រប់កម្រិតបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាថែទាំ និងព្យាបាលព្រមទាំងបម្រើសេវា ប្រកបដោយក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ។
បន្ថែមពីលើនេះ ឯកឧត្តមសាស្ត្រាចារ្យ បានលើកយកសំណួរទាក់ទងនឹងភាពជាអ្នកដឹកនាំមកឆ្លុះបញ្ចាំងឱ្យឃើញថា ការដឹកនាំមិនមែនជាអាជីព ដែលគេអាចរៀនចេញពីសាលាបានទេ ប៉ុន្តែភាពជាអ្នកដឹកនាំ គេអាចរៀនបាននៅគ្រប់ស្ថានភាព ព្រោះការរៀនសួរសំណួរល្អ ដែលនាំឱ្យកើតចេញជាប្រយោជន៍ ឬជាការអភិវឌ្ឍន៍។ ដូចគ្នានេះដែរ ភាពជាអ្នកដឹកនាំ ក៏កើតចេញពីការគិតគូរ ដែលអាចឱ្យគេយល់ឃើញពីផលវិបាករបស់ការសម្រេចចិត្តអ្វីមួយបានច្បាស់លាស់ និងអាចឱ្យក្រុមការងារទទួលយកនូវការសម្រេចចិត្តនោះ និងចូលរួមអនុវត្ត។ ក្នុងន័យនេះឯកឧត្តមសាស្រ្តាចារ្យ ជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ ធ្វើការដឹកនាំដោយប្រើប្រាស់ភាពជាអ្នកដឹកនាំជាជាងប្រើប្រាស់ឋានៈឬតួនាទី។
ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យបង្អែកអ្នកលឿង នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង បានធ្វើបទបង្ហាញ PDIA លើការពង្រឹងគុណភាព នៃការបម្រើសេវាទៅតាមនិយាមស្តង់ដា និងគោលការណ៍ណែនាំគ្លីនិកនៅតាមសេវារបស់ខ្លួន។ក្រុមការងារបានរំលេចនូវការរីកចំរើន នៃហេដ្ឋារចនាសម្ពន្ធ័ របស់មន្ទីរពេទ្យអ្នកលឿងក៏ដូចជាការកើនឡើងនូវចំនួនអ្នកមកប្រើប្រាស់សេវាពិនិត្យជំងឺក្រៅ និងសម្រាកពេទ្យក្នុងឆ្នាំ ២០២៥ កន្លងមក និងដាក់ចេញជាសកម្មភាពជាច្រើនសម្រាប់ធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា តាមរយៈការអនុវត្តតាមនិយាមស្តង់ដា និង គោលការណ៍គ្លីនិកដែលមាននៅមន្ទីរពេទ្យក្នុងឆ្នាំ ២០២៦៕



