កម្ពុជាចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការលើផលិតផលសក្តានុពល ៤ មុខ

ភ្នំពេញ ៖ ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពល សម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)» មានដូចជា ៖ សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង, ស្វាយចន្ទីកំពង់ធំ និង ស្វាយឧត្តរមានជ័យ។

ផលិតផលទាំង ៤ រួមមាន៖

១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។

២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។

៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។

៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែន ស្រួយ មានទឹកដម និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ។

ផលិតផលទាំងនេះ ត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមានលក្ខខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស ហើយមានសក្តានុពលក្នុងការទទួលស្គាល់ និងការពារនៅលើទីផ្សារអន្តរជាតិ៕