ទឹកជំនន់បានគ្របដណ្តប់លើដីកសិកម្ម និងផ្ទះសម្បែងនៅក្នុងតំបន់មួយចំនួននៅភាគពាយ័ព្យប្រទេសស៊ីរី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកម្រិតទឹកកើនឡើងនៅទំនប់ Al-Siha ដែលប៉ះពាល់ដល់ភូមិឋានជាច្រើន រួមទាំងភូមិ Hmeimat al-Deirផងដែរ។ ក្រសួងការពារជាតិស៊ីរីបាននិយាយថា កម្រិតទឹកនៅទំនប់ ដែលមានទីតាំងស្ថិតនៅចន្លោះភាគខាងត្បូងទីក្រុង Aleppo និងភាគខាងកើតជនបទ Idlib នៅតែបន្តកើនឡើងដោយសារតែលំហូរទឹកច្រើនពីទន្លេ Quweiq និងដៃរបស់វា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិស៊ីរីបានព្រមានថា ការដួលរលំនៃទំនប់ដីទីមួយបានបង្កើនហានិភ័យនៃលំហូរទឹកឆ្ពោះទៅកាន់ភូមិ Tal al-Aqarib នៅភាគខាងត្បូងតំបន់ជនបទ Aleppo។ ប្រជាពលរដ្ឋត្រូវបានគេជំរុញឱ្យត្រៀមខ្លួនសម្រាប់ជម្លៀសចេញ ប្រសិនបើទំនប់ទីពីរត្រូវខូចខាត ឬបាក់ដោយផ្នែកណាមួយ។ ក្រសួងការពារជាតិក៏បានប្រកាសពីការបិទផ្លូវ Abu al-Duhur–Hmeimat al-Deir ទាំងស្រុង គិតត្រឹមល្ងាចថ្ងៃអាទិត្យម្សិលមិញ ដោយសារតែកម្រិតទឹកកើនឡើង និង បាក់ទំនប់។ រូបភាពវីដេអូលើអាកាសបានបង្ហាញពីផ្នែកធំៗនៃភូមិ Hmeimat al-Deir ត្រូវជន់លិច ដោយមានផ្ទះសម្បែងជាច្រើនបានហ៊ុំព័ទ្ធដោយទឹកជន់ជោរ និងអ្នកស្រុកជាច្រើននាក់បានធ្វើដំណើរតាមផ្លូវលិចទឹកទាំងនោះ ដោយត្រាក់ទ័រ និងទូកតូចៗរបស់ពួកគេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



