កម្ពុជា-កូរ៉េ ប្តេជ្ញារួមគ្នាជំរុញការអភិវឌ្ឍយុវជន នវានុវត្តន៍ឌីជីថល និងការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជា

ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូកូរ៉េ មកពីសកលវិទ្យាល័យ Baekseok ដើម្បីរៀបចំផែនការ និងបង្កើតមជ្ឈមណ្ឌលគាំទ្រការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍កម្ពុជា (CSISC)។

ក្នុងឪកាសនោះ ឯកឧត្តម សរ បូរីរក្ស បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំណោះគណប្រតិភូ ដែលដឹកនាំដោយ លោក Kim Hyung Jun នាយកប្រតិបត្តិស្ថាបនិក និងសាស្រ្តាចារ្យ LEE KYOUNG HO និងបណ្ឌិត KYOUNG SOO BOK ដែលមកពីសកលវិទ្យាល័យ Baekseok ព្រមទាំងបានថ្លែងអំណរគុណ ដែលតែងតែរួមគ្នាក្នុងកិច្ចសហការលើ វិស័យការថែទាំមនុស្សចាស់ រវាងវិទ្យាស្ថានជាតិសង្គមកិច្ច និងសកលវិទ្យាល័យ Baekseok។ 

ឯកឧត្តម សរ បូរីរក្ស បានលើកឡើងពី គោលបំណងសំខាន់ៗ នៃថ្នាល CSISC ដែលត្រូវបានរចនាឡើង ដើម្បីបំប្លែងសក្តានុពលជាតិ របស់និស្សិតនៅក្នុង NISA និងមន្ត្រីរដ្ឋាភិបាលមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅជាទិន្នផលសេដ្ឋកិច្ចពិតប្រាកដ ដែលត្រូវបានរចនាឡើងសម្រាប់ការអនុវត្ត។ ទន្ទឹមនឹងនេះ CSICS មានគោលបំណងជំរុញការអភិវឌ្ឍយុវជន នវានុវត្តន៍ឌីជីថល និងការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជា។

ឯកឧត្តម បញ្ជាក់ថា វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ NISA ក្នុងការរៀបចំ CSISC មិនត្រឹមតែការអប់រំប៉ុណ្ណោះទេ ប៉ុន្តែការរួមបញ្ចូលគម្រោងសាកល្បងពិតប្រាកដ ការផលិត និងការដំឡើងជាក់ស្តែង បង្កើតការងារដោយផលិតផល និងការកសាង Cambodia Brand ដោយរួមបញ្ចូលទាំងសង្គម វប្បធម៌ បច្ចេកវិទ្យា និងការរួមបញ្ចូលឌីជីថល។ 

ជាការឆ្លើយតប លោក Kim Hyung Jun ថ្លែងអំណរគុណចំពោះវិទ្យាស្ថានជាតិសង្គមកិច្ច ដែលមានជំនឿទុកចិត្ត និងការគាំទ្រលើកិច្ចសហការការអភិវឌ្ឍយុវជន នវានុវត្តន៍ឌីជីថល និងការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ច។

លោក Kim Hyung Jun  បញ្ជាក់ថា សម្រាប់កុំព្យូទ័រដែលបានឧបត្ថម្ភទៅដល់ NISA ជាជំហានដំបូងនេះ ដើម្បីធ្វើឱ្យប្រសើរឡើង នូវមជ្ឈមណ្ឌលគាំទ្រនវានុវត្តន៍នៅក្នុង NISA។