សាលាអន្តរជាតិមែនន័រចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់គុណភាពអប់រំ និងគាំទ្រទាំងផ្នែកកម្មវិធីសិក្សាគណិតវិទ្យា….
សាលាអន្តរជាតិមែនន័រ និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងរៀបចំការប្រកួតប្រជែងគណិតវិទ្យា និងការវាយតម្លៃសមត្ថភាពគណិតវិទ្យានៅកម្ពុជា នៅសាលាអន្តរជាតិមែនន័រ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនេះគឺដើម្បីពង្រឹងគុណភាពអប់រំ និងគាំទ្រទាំងផ្នែកកម្មវិធីសិក្សា ទាំងបច្ចេកទេស ទាំងផ្នែកវិធីសាស្រ្តបង្រៀន ព្រមទាំងជម្រុញលើកទឹកចិត្តពង្រឹងសមត្ថភាពនៃការសិក្សាដោយផ្តោតការយកចិត្តទុកដាក់ទៅលើសមត្ថភាពផ្នែកគណិតវិទ្យា ព្រោះក្នុងចំណេះសិក្សាទូទៅមានគោលដៅធំពីរគឺ ទីមួយគឺចេះអាន ទីពីរគឺចេះគណនាលេខ ។ គណិតវិទ្យាគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹងវិទ្យាសាស្រ្តទូទៅ បើយើងចេះគឺងាយស្រួលក្នុងការសិក្សាមុខវិជ្ជាទូទៅ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សាលាអន្តរជាតិមែនន័រ ដែលបានប្តេជ្ញាចិត្តលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន ព្រមទាំងមានការបញ្ជ្រៀបនៃការប្រើប្រាស់បច្ចេកវិទ្យា ជម្រុញលើកទឹកចិត្តអោយសិស្សានុសិស្ស មានការសិក្សាតាមបែបសកម្ម និងចូលរួមអនុវត្តន៍។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនេះ លោក រឿន ចន្ថា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិមែនន័រ មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនេះមានរយៈពេល៥ឆ្នាំ ហើយក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំ និងលើកកម្ពស់ការប្រកួតប្រជែងគណិតវិទ្យាកម្រិតអនត្តរជាតិ។ កិច្ចសហការនេះក៏និងផ្តល់ឧឱកាសដល់សិស្សានុសិស្សបានចូលរួមក្នុងកម្មវិធីសំខាន់ៗដូចជា៖ SUKEN TEST(សូគេនតេស្ត) ពីប្រទេសជប៉ុន. Young Master Challenge(យ៉ាងម៉ាស្ទើឆាឡេន) (YMC). Math League.org និងការប្រកួតគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខ(Math-CASIO) ជាដើម។ លោកបានបន្តទៀតថា សូមសិស្សានុសិស្សទាំងអស់បន្តយកចិត្តទុកដាក់សិក្សា អង្កេត បន្ថែមទៀត ទៅលើមុខវិជ្ជាដែលសាលាបានចុះអនុស្សរណៈនាថ្ងៃនេះ ដើម្បីពង្រឹងភាពវៃឆ្លាតរបស់កូនក្មួយ អោយកាន់តែពូកែ ស្របតាមយុគសម័យបច្ចុប្បន្ន។ អនុស្សរណៈនេះក៏មានជាកម្មវិធីសម្រាប់តម្រង់ទិស ជួយដល់លោកគ្រូអ្នកគ្រូផ្នែកគណិតវិទ្យា អោយកាន់តែមានបទពិសោធន៍ វិជ្ជាជីវៈកាន់តែល្អប្រសើរ ពីមួយកម្រិតទៅមួយកម្រិតបន្ថែមទៀត ដើម្បីបង្ហាត់បង្រៀនកូន ក្មួយ ជាសិស្សានុសិស្សនៃសាលាអន្តរជាតិមែនន័រ អោយកាន់តែពូកែ។ លោកបានបន្ថែមទៀតថា ចូលកូន ក្មួយ ជាសិស្សានុសិស្សនៃសាលាអន្តរជាតិមែនន័រ ត្រូវតែចូលរួមប្រកួតប្រជែង ព្រោះការចូលរួមប្រកួតប្រជែងមួយដង គឺ ឈ្នះខ្លួនឯងម្តង និងទទួលបានបទពិសោធន៍ថ្មីៗ, ចំណេះដឹងថ្មីបន្ថែមទៀត ពីការប្រកួត ដើម្បីជាបទពិសោធន៍ នៃការអភិវឌ្ឍន៍ខ្លួនអោយចេញពីភាពខ្សោយ ដើម្បីឈានទៅរកភាពជោគជ័យ៕



