UN គាំទ្រការគ្រប់គ្រងមេរោគ Hantavirus ខណៈតួរលេខឆ្លងកើនឡើង! ទោះបីជា WHO និយាយថាករណីផ្ទុះឡើងនេះគឺមិនទាន់ដល់កម្រិតជាជំងឹរាតត្បាតដូចកូវីដ១៩ក្តី….

វិបត្តិសេដ្ឋកិច្ចសកលពីសង្រ្គាមនៅអ៊ីរ៉ង់ វិបត្តិមនុស្សធម៌នៅហ្កាហ្សា ភាពឈ្លានពានទឹកដីរវាងរុស្ស៊ី អ៊ុយក្រែននិង ភាពអត់ឃ្លាននៅយ៉េមែន និងប្រទេសអាហ្រ្វិកខាងត្បូងមួយចំនួន មិនទាន់បានដោះស្រាយរួចរាល់ផង ឥលូវនេះបញ្ហាវីរុសថ្មី ក្រោយពីវិបត្តិវីរុសសកល បានកំពុងធ្វើឲ្យមនុស្សនៅលើសកលលោកហាក់ធុញទ្រាន់ និង ភ័យខ្លាចចំពោះបញ្ហាទាំងអស់នោះ។ ស្ថិតនៅក្នុងអង្គប្រជុំអ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា អង្គការសុខភាពពិភពលោកបានបញ្ជាក់មកថាមានករណីឆ្លងមេរោគ hantavirus កើនឡើងចំនួន៩ករណីហើយ ក្នុងនោះមាន៨ករណីត្រូវបានបញ្ជាក់ពីអ្នកដំណើរ២៣ជាតិសាសន៍ រួមទាំងករណីចុងក្រោយបំផុតត្រូវរាយការណ៍ឆ្លងដោយប្រទេសបារាំងដែរ។ ករណីស្លាប់ចំនួនបីក៏ត្រូវបានរាយការណ៍ផងដែរក្នុងចំណោមករណីទាំងនោះ។ អង្គការសុខភាពពិភពលោកបានប្រកាសថា អ្នកដំណើរចុងក្រោយដែលនៅសេសសល់ពីលើនាវាទេសចរណ៍ MV Hondius ដែលរងគ្រោះដោយមេរោគ hantavirus បានចុះចេញពីនាវាហើយកាលពីល្ងាចថ្ងៃច័ន្ទនេះ។ លោក Haq បាននិយាយថា អង្គការសុខភាពពិភពលោកមិនជឿថាស្ថានភាពនេះគឺស្ថិតនៅលើមាត្រដ្ឋាននៃជំងឺរាតត្បាតដូចពីមុននោះទេ ដោយសារតែវាមានរបៀបផ្សេងគ្នាលើការចម្លងមេរោគ hantavirus ។ លោក Haq បាននិយាយថា “អង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនជឿថានេះជាវិបត្តិក្នុងកម្រិតជាជំងឺរាតត្បាតដែលយើងបានឃើញនោះទេ”។ “ហើយពួកគេបានពន្យល់ពីមូលហេតុ គឺដោយសារតែវាស្ថិតក្នុងវិធីផ្សេងគ្នានៃការចម្លងមេរោគ hantavirus តែម្តង។ អ្នកដំណើរដែលត្រូវបានជម្លៀសចេញពីនាវាទេសចរណ៍និងរងគ្រោះដោយសារមេរោគ hantavirus បានចាប់ផ្តើមហោះហើរត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ តាមយន្តហោះយោធា និងជើងហោះហើររដ្ឋាភិបាល បន្ទាប់ពីនាវាបានចូលចតនៅកោះ Canary។ កាលពីចុងសប្តាហ៍មុន លោកអគ្គលេខាធិការ António Guterres បានសម្តែងការគាំទ្រចំពោះរដ្ឋាភិបាលអេស្ប៉ាញ និងប្រទេសដទៃទៀតដែលគ្រប់គ្រងស្ថានភាពមេរោគ Hantavirus ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក។ ខណៈពេលដែលហានិភ័យសុខភាពសាធារណៈបច្ចុប្បន្នពីមេរោគនៅតែទាប ក្នុងកម្រិតទី៣ ដោយលោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា វាជារឿងសំខាន់ដែលត្រូវតែមានកិច្ចខិតខំប្រឹងប្រែងផ្នែកសុខភាពអន្តរជាតិ ដើម្បីធានាសុវត្ថិភាពរបស់មនុស្សទាំងអស់ រួមទាំងអ្នកដំណើរ និងនាវិកនៃនាវា MV Hondius ផងដែរ។ អាជ្ញាធរអេស្ប៉ាញបាននិយាយថា នាវិកមួយចំនួន ក៏ដូចជាសពរបស់អ្នកដំណើរម្នាក់ដែលបានស្លាប់នៅលើនាវា នឹងនៅតែនៅលើនាវាដដែល ដោយតម្រូវឲ្យធ្វើដំណើរទៅកាន់ទីក្រុង Rotterdam ប្រទេសហូឡង់ ជាកន្លែងដែលវានឹងត្រូវសម្លាប់មេរោគចុងក្រោយ។ ក្រុមហ៊ុននាវាទេសចរណ៍បាននិយាយថា ការធ្វើដំណើរទៅកាន់ទីក្រុង Rotterdam ចំណាយពេលប្រហែល៥ថ្ងៃ។ មន្ត្រីសហរដ្ឋអាមេរិកនិយាយថា ជនជាតិអាមេរិកម្នាក់ក្នុងចំណោមអ្នកទាំង ១៧ នាក់ដែលត្រូវបានហោះហើរត្រឡប់ទៅផ្ទះវិញ បានធ្វើតេស្តមានវិជ្ជមានវីរុស ប៉ុន្តែមិនមានរោគសញ្ញាអ្វីឡើយ។ អ្នកដំណើរជនជាតិបារាំងម្នាក់ក្នុងចំណោមអ្នកដំណើរទាំង ៥នាក់ដែលត្រូវបានដឹកទៅកាន់ទីក្រុងប៉ារីស បានវិវត្តទៅជាមានរោគសញ្ញាអំឡុងពេលហោះហើរនោះតែម្តង៕

សម្រួលអត្ថបទ៖ សុផារិន្ទ