កម្ពុជា និងកូរ៉េ ចុះហត្ថលេខាលើកំណត់ហេតុនៃការពិភាក្សា ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ​និងការពង្រឹង​សមត្ថភាពសហគមន៏កសិកម្មទំនើប នៅខេត្តកំពង់ធំ

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្ម​សហគមន៍ជនបទកូរ៉េ (KRC) នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា(Record of Discussion) ស្តីពីគម្រោង «លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា»។

នេះគឺជាព្រឹត្តិការណ៌ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ។ គម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោកបណ្ឌិត ឆយ ចាន់វ៉ុន Choi Chan Won នាយកការិយាល័យគម្រោងសកលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូបអាហារអន្តរជាតិនៃសាជីវកម្ម​សហគមន៍ជនបទកូរ៉េ KRC ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមមានតំណាងទីស្តីការគណៈរដ្ធមន្ត្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងសហគមន៏ស្វាយចន្ទីកម្ពុជា និងលោកបណ្ឌិត Dr. An Sung Soo នាយកសាជីវកម្ម​សហគមន៍ជនបទកូរ៉េប្រចាំកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់​ និងផ្តោតសំខាន់លើការបង្កើនផលិតភាព និងការនាំចេញ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។

ឯកឧត្តមគូសបញ្ជាក់ថា គម្រោងនេះនឹងរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីរបស់​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់កសិករខ្នាតតូច និងបង្កើត​ឱកាសការងារដល់ប្រជាពលរដ្ធ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈ​ការលើក​កម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងសមត្ថភាពគ្រប់គ្រងក្រោយពេលប្រមូលផល ការពង្រឹង​សមត្ថភាពសហគមន៏កសិកម្មទំនើបនៅខេត្តកំពង់ធំ និងការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រប់ស្វាយចន្ទី ហើយវាក៏ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនៅលើពិភពលោក។

លោកបណ្ឌិត Choi Chan Won បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដើម្បីធានាការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។

លោកបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ បានបង្ហាញយ៉ាងច្បាស់អំពីមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

ភាគីទាំងពីរ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជួយលើកកម្ពស់ខ្សែច្រវ់ាក់តម្លៃគ្រាប់ស្វាយចន្ទី ដែលមានភាពធន់ សមត្ថភាពប្រកួតប្រជែងខ្ពស់ និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។