emart24 Cambodia សហការជាមួយ BVM Petroleum ត្រៀមពង្រាយហាងទំនិញទំនើបស្ទីលកូរ៉េផ្តាច់មុខ ក្នុងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ទូទាំងប្រទេស

ភ្នំពេញ៖ ក្រុមហ៊ុន emart24 Cambodia គឺជាហាងទំនិញទំនើបឈានមុខគេមកពីប្រទេសកូរ៉េ ដែលនាំមកនូវទស្សនទានថ្មីនៃការរស់នៅទាន់សម័យ និងងាយស្រួល (Convenience & Lifestyle) ជូនដល់ប្រជាជនកម្ពុជា។ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) ដោយរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ និងផ្តាច់មុខ ក្នុងកិច្ចសហប្រតិបត្តិការបើកដំណើរការសាខាហាងទំនិញទំនើប emart24 នៅក្នុងបណ្តាញស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសនៃក្រុមហ៊ុនទាំងពីរ ដើម្បីជាសក្ខីភាពនៃការចាប់ដៃគូសហការដ៏រឹងមាំ ក្នុងគោលបំណងលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើរ និងការរស់នៅទាន់សម័យរបស់ប្រជាជនកម្ពុជា។

ក្នុងនាមជាដៃគូសហប្រតិបត្តិការអាជីវកម្ម emart24 Cambodia នឹងនាំយកនូវទស្សនទានលក់រាយដ៏ប្លែក និងមានគុណភាពខ្ពស់ ទៅកាន់ទីតាំងយុទ្ធសាស្ត្រនៃស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម។ អតិថិជន និងអ្នកធ្វើដំណើរ នឹងទទួលបានភាពងាយស្រួលក្នុងការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃយ៉ាងសម្បូរបែប ព្រមទាំងអាចរីករាយជាមួយអាហារសម្រន់បែបកូរ៉េក្តៅៗ (Korean Street Food) ដ៏មានរសជាតិឆ្ងាញ់ពិសា ក្នុងអំឡុងពេលចូលសម្រាក និងចាក់ប្រេងឥន្ធនៈ។ កិច្ចសហប្រតិបត្តិការផ្តាច់មុខនេះ នឹងធ្វើឱ្យស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ក្លាយជាមជ្ឈមណ្ឌលសេវាកម្មដ៏សម្បូរបែបក្នុងកន្លែងតែមួយ (One-Stop Service Hub) ដែលអតិថិជនអាចទិញទំនិញ ញ៉ាំអាហារសម្រន់ ចាក់ប្រេង និងលាងរថយន្តជាដើម។

លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន សាយហាន់ មានប្រសាសន៍ក្នុងពិធីនោះថា៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ដែលជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ emart24 មិនត្រឹមតែជាហាងទំនិញសម្រាប់ផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែយើងនាំមកនូវស្ទីលរស់នៅដ៏រស់រវើក និងបទពិសោធន៍អាហារដ៏មានគុណភាព។ ការមានវត្តមាននៅក្នុងស្ថានីយប្រេងឥន្ធនៈដែលមានចរាចរណ៍មមាញឹក នឹងជួយឱ្យយើងអាចនាំយកផលិតផលល្អៗ និងរសជាតិដើមពីប្រទេសកូរ៉េ ទៅជូនអតិថិជនដែលកំពុងធ្វើដំណើរបានភ្លាមៗ ស្របតាមការប្តេជ្ញាចិត្តរបស់យើង គឺការផ្តល់ភាពងាយស្រួល និងស្នាមញញឹមរាល់ការធ្វើដំណើរ»។

លោកស្រី មាស គន្ធា អគ្គនាយិការងក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានចែករំលែកចំណាប់អារម្មណ៍ផងដែរថា៖ «ទស្សនវិស័យរបស់ ប៊ីវីអឹម មិនមែនត្រឹមតែជាការចែកចាយប្រេងឥន្ធនៈនោះទេ តែពួកយើងផ្តោតសំខាន់លើការផ្តល់បទពិសោធន៍ដែលមានភាពទាន់សម័យ ងាយស្រួល និងផ្តល់នូវផាសុកភាពដល់អ្នកប្រើប្រាស់ ដែលលើសពីការចាក់ប្រេងឥន្ធនៈ។ ការចាប់ដៃគូជាមួយប្រេនលំដាប់អន្តរជាតិដែលមានភាពច្នៃប្រឌិតខ្ពស់ដូចជា emart24 គឺស្របទៅនឹងចក្ខុវិស័យរបស់យើង ក្នុងការធ្វើបច្ចុប្បន្នភាពបរិយាកាសនៅក្នុងស្ថានីយលក់រាយប្រេងឥន្ធនៈ។ ជាមួយនឹងជម្រើសអាហារដ៏សម្បូរបែប និងការរៀបចំហាងដ៏មានសោភ័ណភាពរបស់ emart24 យើងជឿជាក់យ៉ាងមុតមាំថា អតិថិជនរបស់យើងនឹងទទួលបាននូវភាពងាយស្រួល និងការពេញចិត្តជាទីបំផុត»។

ហាងទំនិញទំនើប emart24 ដំបូងនៅក្នុងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ត្រូវបានរំពឹងថានឹងអាចបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ ដោយផ្តោតលើទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តោយផ្លូវជាតិធំៗ មុននឹងឈានទៅពង្រីកវិសាលភាពបន្ថែមទៀតទូទាំងប្រទេស។