សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានប្រកាសបើកដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលប្រឡងតេស្ត ភាសាអង់គ្លេស ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Oxford University Press និង THE UNITED KNOWLEDGE COMPANY LTD.
ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រឹងសមត្ថភាព ភាសាអង់គ្លេសរបស់និស្សិត ឱ្យស្របតាមស្តង់ដារអន្តរជាតិ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ សេវាអប់រំប្រកបដោយគុណភាព និងឱកាសវាយតម្លៃសមត្ថភាព ភាសាអង់គ្លេស ដែលទទួលស្គាល់ជាអន្តរជាតិ។
នេះបើតាមការលើកឡើងរបស់ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ថ្លែងក្នុងពិធីប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌលប្រឡង តេស្ត ភាសាអង់គ្លេស ស្តង់ដារអន្តរជាតិ របស់សាកលវិទ្យាល័យ Oxford (Oxford Test of English)»។
លោកបណ្ឌិត ផុន ណារិន បន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មានគោលបំណង មិនត្រឹមតែលើកកម្ពស់ការបង្រៀន និងការរៀនភាសាអង់គ្លេស ក្នុងបរិវេណសាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសកាន់តែធំសម្រាប់ និស្សិត-និស្សិត បញ្ចប់ការសិក្សា និងសហគមន៍កម្ពុជា ទូលំទូលាយ។
លោកបណ្ឌិត ផុន ណារិន បញ្ជាក់ទៀតថា ការដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលប្រឡង តេស្ត ផ្លូវការនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងការផ្តល់ភាពងាយស្រួលដល់និស្សិត ក្រុមហ៊ុន សហគ្រាស និងសាធារណជនទូទៅ ក្នុងការវាស់ស្ទង់សមត្ថភាព ភាសាអង់គ្លេស របស់ខ្លួនប្រកបដោយទំនុកចិត្ត និងទទួលស្គាល់ជាសកល។ ជាការពិតណាស់ ជំនាញភាសាអង់គ្លេស ដើរតួនាទីយ៉ាងសំខាន់ ដោយទទួលស្គាល់ថា ពិតជាមានសារៈសំខាន់ ដូចន្នេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បន្តស្វែងរកឱកាស ដើម្បីពង្រឹងការអប់រំភាសាអង់គ្លេស តាមរយៈភាពជាដៃគូអន្តរជាតិ វិធីសាស្ត្របង្រៀនបែបនវានុវត្តន៍ ធនធានសិក្សាប្រកបដោយសមធម៌ និងប្រព័ន្ធវាយតម្លៃដែលទទួលស្គាល់ជាអន្តរជាតិ។
ក្នុងឪកាសនេះដែល លោកបណ្ឌិត ផុន ណារិន សូមសម្តែងនូវអំណរគុណ ចំពោះ The United Knowledge ដែលបានផ្តល់នូវការគាំទ្រ កិច្ចសហប្រតិបត្តិការ និងទំនុកចិត្ត មកលើសាកលវិទ្យាល័យ អេស៊ីលីដា។ ភាពជាដៃគូ និងការជឿជាក់របស់ The United Knowledge គឺជាចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។
លោក John Knott នាយកគ្រប់គ្រងទីផ្សារដៃគូ និងអតិថិជនយុទ្ធសាស្ត្រសំខាន់ មានប្រសាសន៍ដែលថា បេសកកម្មរបស់ Oxford University Press មានប្រវត្តិជិត ៥០០ឆ្នាំ មកហើយ គឺចាប់ពីសតវត្សទី១៥មក ហើយជាផ្នែកមួយនៃ សាកលវិទ្យាល័យ Oxford ដែលមានគោលបំណងរួមគ្នា នោះគឺជំរុញឲ្យសាកលវិទ្យាល័យ ក្នុងការពង្រឹងឧត្តមភាព ផ្នែកស្រាវជ្រាវ ការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សាយអប់រំ នៅទូទាំងពិភពលោក។
លោក John Knott ទទួលស្គាល់ភាពកិច្ចសហប្រតិបត្តិការនេះ ពិតជាបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា រវាងជំនាញឯកទេសរបស់ Oxford និងសមត្ថភាពក្នុងស្រុក របស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ ជោគជ័យពិតប្រាកដនៃភាពជាដៃគូនេះ មិនមែនវាស់វែងត្រឹមចំនួនអ្នកប្រឡងនោះទេ ប៉ុន្តែវាស់វែងតាមរយៈសមិទ្ធផលដែលនិស្សិតសម្រេចបានបន្ទាប់ពីទទួលបានវិញ្ញាបនបត្រនេះ។
គូសបញ្ជាក់ផងដែរថា តេស្ត ភាសាអង់គ្លេស OTE របស់ Oxford University Press នេះត្រូវបានទទួលស្គាល់ដោយស្ថាប័នជាង១២០០ ទូទាំងពិភពលោក រួមទាំងសាកលវិទ្យាល័យកំពូលៗ នៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសជាច្រើនទៀត ម្យ៉ាងវិញទៀតសិស្ស-និស្សិត អាចប្រើប្រាស់វិញ្ញាបនបត្រ បញ្ជាក់អំពីកម្រិតភាសាអង់គ្លេស ដែលចេញដោយ Oxford University Press នេះដើម្បីដាក់អាហារូបករណ៍ទៅសិក្សា នៅស្ថាប័នដៃគូទាំងអស់ នៅលើសកលលោក ឬសម្រាប់គោលបំណងផ្សេងៗផងដែរ។


