សក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ បន្តទាក់ទាញនាវាទេសចរណ៍ខ្នាតយក្សដឹកភ្ញៀវអន្តរជាតិប្រមាណជិត ២,០០០ នាក់ ដើម្បីធ្វើទស្សនកិច្ច

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាវាទេសចរណ៍បរទេសខ្នាតធំឈ្មោះ CARNIVAL LUMINOSA សញ្ជាតិបាហាម៉ាស (Bahamas) ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីផ្តល់ឱកាសឱ្យភ្ញៀវទេសចរធ្វើដំណើរកម្សាន្តរយៈពេលមួយថ្ងៃនៅលើ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នាវាទេសចរណ៍ដ៏ប្រណិតនេះ មានបណ្តោយ ២៩៤ ម៉ែត្រ ទទឹង ៣២,២៥ ម៉ែត្រ និងជម្រៅទឹក ៨,២៥ ម៉ែត្រ បានធ្វើដំណើរចេញពីប្រទេសថៃ មកដល់កំពង់ផែខេត្តព្រះសីហនុ នៅវេលាម៉ោង ៧:០០ នាទីព្រឹក ហើយគ្រោងនឹងចាកចេញឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីវិញ នៅម៉ោង ១៨:០០ នាទីល្ងាចថ្ងៃដដែល។
បើតាមរបាយការណ៍ នាវា CARNIVAL LUMINOSA បាននាំមកជាមួយនូវអ្នកដំណើរសរុបចំនួន ១,៧៦៨ នាក់ (ស្រី ១,០៤២ នាក់) មកពី ២៣ សញ្ជាតិផ្សេងៗគ្នា ក្នុងនោះភ្ញៀវទេសចរសញ្ជាតិអាមេរិកមានចំនួនច្រើនជាងគេ រហូតដល់ ១,៤៦៣ នាក់ (ស្រី ៨៦០ នាក់) រួមជាមួយនាវិកបម្រើការលើនាវាចំនួន ៩៨០ នាក់ (ស្រី ២៦៣ នាក់) មកពី ៤៨ សញ្ជាតិ។ ក្រៅពីការទស្សនាកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ក៏មានភ្ញៀវទេសចរចំនួន ៣ នាក់ (ស្រី ១ នាក់, ៣ សញ្ជាតិ) បានចាកចេញពីនាវាដើម្បីបន្តដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប និងមានភ្ញៀវចំនួន ២ នាក់ (ស្រី ១ នាក់, ២ សញ្ជាតិ) មកពីខេត្តសៀមរាប បានឡើងនាវាដើម្បីបន្តដំណើរទៅក្រៅប្រទេសផងដែរ។

ក្នុងឱកាសអញ្ជើញឡើងពិនិត្យ និងទស្សនកិច្ចផ្ទាល់លើនាវា ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលជាតារារះនាទិសនិរតី ពោរពេញទៅដោយធនធានធម្មជាតិ កោះ និងឆ្នេរខ្សាច់សស្អាតលំដាប់ពិភពលោក ក្នុងចំណោមខេត្តជាប់ឆ្នេរទាំង ៤ របស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ ដែលបានជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជាគឺជាគោលដៅដែលមានសុវត្ថិភាពខ្ពស់សម្រាប់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជាតំបន់សេដ្ឋកិច្ច និងវិនិយោគដ៏មានភាពទាក់ទាញបំផុតនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព ៖ សុជា