រដ្ឋបាលខេត្តព្រះសីហនុ អនុម័តគាំទ្រគម្រោងវិនិយោគរោងចក្រផលិតក្តារបន្ទះ និងការ៉ូឈើ តម្លៃជាង ២,៣លានដុល្លារ នៅស្រុកព្រៃនប់ ដោយភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងលើបរិស្ថាន និងការប្រឆាំងបទល្មើសអនឡាញ

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចអនុម័តគាំទ្រលើសំណើសុំបង្កើតរោងចក្រផលិតក្តារបន្ទះ និងការ៉ូឈើ របស់ក្រុមហ៊ុន ខេមបូឌាន អានស៊ុន ស្មាតហូម ឯ.ក (CAMBODIAN ANSHUN SMART HOME CO., LTD.) ដែលមានទីតាំងស្ថិតនៅអគារF ក្បាលដីលេខ ០៩៤៦-២៤៣៥ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គម្រោងវិនិយោគនេះ មានទុនវិនិយោគសរុបចំនួន ២.៣០២.៤៧៤ ដុល្លារអាមេរិក លើផ្ទៃក្រឡាអគារទំហំ ១៣.៤៥៥,៧៥ ម៉ែត្រការ៉េ។ ក្រុមហ៊ុនបានចាប់ផ្តើមជួសជុលកែលម្អទីតាំងតាំងពីខែឧសភា ឆ្នាំ២០២៦ រហូតបញ្ចប់ការដំឡើងគ្រឿងម៉ាស៊ីននៅខែតុលា និងចាប់ផ្តើមដំណើរការផលិតកម្មក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។ ចំពោះសង្វាក់ផលិតកម្ម ក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកពី ២០% ទៅ ៣០% និងនាំចូលពីទ្វីបអាហ្វ្រិកពី ៧០% ទៅ ៨០% ដោយមានសមត្ថភាពផលិតចាប់ពី ៩៦ ទៅ ១២០ កុងតឺន័រ (ប្រភេទ 20ft) ក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ រោងចក្រនឹងផ្តល់ការងារដល់កម្លាំងពលកម្មចំនួន ១២៣ នាក់ នៅដំណាក់កាលចាប់ផ្តើម (ខ្មែរ ១១៨នាក់ បរទេស ៥នាក់) និងកើនដល់ ១៦១នាក់ នៅពេលដំណើរការពេញ សមត្ថភាព (ខ្មែរ ១៥៦នាក់ បរទេស ៥នាក់)។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយគូសបញ្ជាក់ថា វត្តមានរោងចក្រនេះនឹងរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពពលរដ្ឋតាមរយៈការបង្កើតការងារ ហើយគម្រោងក៏ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររយៈពេល ៣ឆ្នាំផងដែរ។ ដើម្បីធានាបាននូវនិរន្តរភាព និងការអនុលោមតាមច្បាប់ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗដល់ក្រុមហ៊ុនដូចជា ៖
១-សុវត្ថិភាព និងលក្ខខណ្ឌការងារ៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខុមាលភាពកម្មករ-និយោជិត ដោយរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យ និងប្រព័ន្ធខ្យល់ចេញចូលក្នុងអគារឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវចុះបញ្ជី ប.ស.ស. ជូនកម្មករ និងធានាថាបុគ្គលិកបរទេសមានប័ណ្ណការងារស្របច្បាប់។
២-ប្រភពវត្ថុធាតុដើមស្របច្បាប់៖ រាល់ការទិញឈើក្នុងស្រុកត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងការនាំចូលពីក្រៅប្រទេសត្រូវមានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
៣-បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ៖ ត្រូវធ្វើលិខិតបិទការដ្ឋាន រៀបចំប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានស្តង់ដារ ព្រមទាំងដាំដើមឈើបន្ថែម ដើម្បីប្រែក្លាយទីតាំងរោងចក្រទៅជាសួនឧស្សាហកម្មបៃតង។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តតែងតែរីករាយចំពោះភាពរីកចម្រើនរបស់វិនិយោគិន ប៉ុន្តែក្រុមហ៊ុនត្រូវប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្មសុចរិតស្របច្បាប់ ដោយហាមឃាត់ដាច់ខាតចំពោះការបង្កប់នូវបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងទីតាំងរោងចក្រ និងបានជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ