ខេត្តព្រះសីហនុ ជំរុញសេវាឆ្លើយតបពហុវិស័យ និងបើកយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី និងលើកកម្ពស់កិច្ចការពារជនរងគ្រោះ»

(ក្រុងព្រះសីហនុ)៖កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៦ និងលើកទិសដៅបន្តឆ្នាំ២០២៧ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តព្រះសីហនុ រួមជាមួយពិធីបើកយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីសម្រាប់ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBV ខេត្ត និងលោកស្រី ម៉ាក សំណាង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ GBV ខេត្ត។

ក្នុងកិច្ចប្រជុំ លោកស្រី ម៉ាក សំណាង បានគូសបញ្ជាក់ថា វេទិកានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រីកការផ្តល់សេវាឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រី ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ លោកស្រីប្រធានក្រុមការងារក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួង-មន្ទីរកិច្ចការនារី អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាព កងកម្លាំង សាលាដំបូងខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានសហការយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងអនុវត្តវិធានការផ្លូវច្បាប់ទាន់ពេលវេលា ដើម្បីផ្តល់សុវត្ថិភាព និងយុត្តិធម៌ជូនជនរងគ្រោះនៅទូទាំងខេត្ត។
សម្រាប់យុទ្ធនាការ ១៦ថ្ងៃ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ មានគោលដៅពញ្ញាក់ស្មារតីមន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីជំរុញសុភមង្គលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ យុទ្ធនាការឆ្នាំ២០២៦ ផ្តោតលើការផ្លាស់ប្តូរឥរិយាបថវិជ្ជមានរបស់សាធារណជន យុវជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ព្រមទាំងលើកទឹកចិត្តបុរស និងក្មេងប្រុសចូលរួមទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាគ្រប់ទម្រង់ ទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញ ប្រកបដោយការគោរព និងបរិយាបន្ន។ ទន្ទឹមនេះ យុទ្ធនាការជំរុញការចូលរួមពីវិស័យសាសនា សិល្បៈ វិស័យឯកជន និងយុវជន ដើម្បីបញ្ឈប់ការស្តីបន្ទោស និងគំនិតអវិជ្ជមានលើជនរងគ្រោះ ឬក្រុមងាយរងគ្រោះ រួមទាំងការទប់ស្កាត់អំពើហិង្សានៅកន្លែងការងារ ដូចជាការប្រើពាក្យសម្តីមិនសមរម្យ ខ្វះការទំនាក់ទំនង ទំនាស់ផលប្រយោជន៍ ឬបក្សពួកនិយម ដែលធ្វើឱ្យប៉ះពាល់ដល់ផលិតភាព និងការរីកចម្រើនរបស់ស្ថាប័ន។

នាឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា បានលើកឡើងពីបញ្ហាប្រឈមនៅតាមមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលរួមបញ្ចូលការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ លោកជំទាវបានគូសបញ្ជាក់ពីគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការជំរុញឱ្យស្នងការដ្ឋាននគរបាលពង្រឹងវេទិកាផ្សព្វផ្សាយដល់មូលដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះអង្គការដៃគូ ដែលបានចុះសហការផ្ទាល់ជាមួយអាជ្ញាធរដល់ទីជនបទ ដើម្បីសម្របសម្រួលដោះស្រាយករណីហិង្សា។ លោកជំទាវក៏បានជំរុញក្រុមការងារបន្តបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីឱ្យការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារនៅខេត្តព្រះសីហនុ កាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ ម៉ារ៉ាឌី