ឯកឧត្តម ហ៊ុន ម៉ានី ÷ យុទ្ធនាការ “ភ្នំពេញស្អាត” បានវិវត្តពីការផ្តោតលើសំរាម ថង់ប្លាស្ទិក និងបរិស្ថាន ទៅជាការបណ្តុះ «ចិត្តស្អាត» ការគិតគូររួម និងការលើកកម្ពស់មោទនភាពកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានគូសបញ្ជាក់ថា យុទ្ធនាការ «ស្អាត» ដែលបានចាប់ផ្តើមជួបជុំពិភាក្សាដំបូងតាំងពីឆ្នាំ២០១៦ និងដំណើរការយុទ្ធនាការចាប់ពីឆ្នាំ២០១៨ រយៈពេល ៩ឆ្នាំ និងកំណត់ខែវិច្ឆិកាជា «ខែស្អាត» បានវិវត្តពីការផ្តោតលើបរិស្ថាន សំរាម និងថង់ប្លាស្ទិក ទៅជាការបណ្តុះ «ចិត្តស្អាត» ការគិតគូររួម និងការលើកកម្ពស់មោទនភាពជាតិកម្ពុជា។
កម្មវិធីបិទយុទ្ធនាការ “ភ្នំពេញស្អាត” ក្រោមប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា» បានរៀបចំឡើងនៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត និងលោកជំទាវ ព្រមទាំងមានការសម្តែង ធម្មទេសនាដោយ សម្តេចព្រះឧត្តមវង្សា គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា  និងសម្របសម្រួលសមាធិដោយ លោក នឹម ឈុន្នី អគ្គនាយកនិងជាស្ថាបនិកក្រុមហ៊ុនវិបស្សនា ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការរៀបចំកម្មវិធី២ឆ្នាំជាប់គ្នានេះ មានលក្ខណៈពិសេសត្រង់ការផ្សារភ្ជាប់សកម្មភាពជាក់ស្តែងជាមួយការតាំងសមាធិ ក្រោមការណែនាំរបស់ព្រះសង្ឃ ដើម្បីជួយឱ្យអ្នកចូលរួមបានបន្ធូរសម្ពាធ ធុរៈ និងបញ្ហាស្មុគស្មាញប្រចាំថ្ងៃ រួចងាកមកផ្តោតលើការគិតគូររួមដើម្បីកម្ពុជា។ ឯកឧត្តមបានបង្ហាញក្តីរីករាយដែលមានអ្នកចុះឈ្មោះតាមអនឡាញជាង ២.៥០០នាក់ ប្រមាណ ៧៥% ជាមហាជនទូទៅ និងរៀបចំកន្លែងអង្គុយតាំងសមាធិបានជាង ៣.០០០នាក់។
​ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យប្រជាពលរដ្ឋចេះរៀនគិត រក្សាចិត្តឱ្យស្ងប់ កុំមើលតែចំណុចអវិជ្ជមាន ហើយលើកយកចំណុចវិជ្ជមាន ភាពខ្លាំង ស្នាមញញឹម និងសក្តានុពលរបស់កម្ពុជាមកបង្ហាញដល់មិត្តបរទេស និងពិភពលោកដោយមោទនភាព ព្រមទាំងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ យុវជនស្ម័គ្រចិត្ត វិស័យឯកជន អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមចំណែក។