ឯកឧត្តម ហ៊ុន ម៉ានី៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ផ្ដោតលើផលប្រយោជន៍ពិតប្រាកដ និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានគូសបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មិនមែនជាការកែទម្រង់ត្រឹមតែលើក្រដាសនោះទេ ប៉ុន្តែជាការកែទម្រង់ដែលផ្ដល់ផលប្រយោជន៍ពិតប្រាកដ ដល់សុខុមាលភាព ជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «វេទិកាកែទម្រង់រដ្ឋបាលសាធារណៈគាំទ្រដល់វិស័យសុខាភិបាល» ដែលប្រព្រឹត្តទៅនៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ 

ដោយផ្ដោតជាពិសេសលើការគាំទ្រដល់វិស័យសុខាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់សង្គមជាតិ ហើយបើពលរដ្ឋភាគច្រើនរងការយាយីដោយជំងឺនានា ការអភិវឌ្ឍប្រទេសជាតិក៏មិនអាចឈានទៅមុខបានដែរ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១ ដោយផ្ដោតលើការលើកកម្ពស់គុណភាពវិស័យអប់រំ និងសុខាភិបាល ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ 

​បើតាមឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ត្រូវបានជំរុញឱ្យមានភាពប្រទាក់ក្រឡា និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធ ជាពិសេសរវាងក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ដើម្បីធានាឱ្យប្រព័ន្ធរដ្ឋបាលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ 

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្ដល់មតិយោបល់ និងចែករំលែកបទពិសោធន៍របស់អង្គវេទិកា ដោយចាត់ទុកធាតុចូលទាំងអស់ជាធនធានដ៏មានតម្លៃសម្រាប់កែលម្អគោលនយោបាយ យុទ្ធសាស្ត្រ និងការអនុវត្តជាក់ស្ដែង ដើម្បីឱ្យការកែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យសុខាភិបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។