លោកប្រធានាធិបតីអាម៉េរិក Donald Trump ថ្លែងអំពីចំណាប់អារម្មណ៍នៃជំនួបត្រីភាគីជាមួយលោក Vladimir Putin និង លោក Xi Jinping ដែលទើបកន្លងផុតទៅ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងន័យវិជ្ជមានអំពីជំនួបថ្មីៗនេះរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ លោក ត្រាំ បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយបន្ថែមថា លោក ពូទីន កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅតំបន់ Palm Beach រដ្ឋ Florida ថា៖ ខ្ញុំគិតថា លោក ពូទីន ចង់ឃើញសង្គ្រាមនេះបញ្ចប់ ហើយខ្ញុំជឿជាក់លើរឿងនោះ។ លោកបានបន្ថែមថា៖ បញ្ហានេះគឺវាទាមទារឱ្យភាគីទាំងសងខាងចូលរួមជាមួយគ្នា ទើបអាចសម្រេចបាន។ លោក ត្រាំ បានការពារយុទ្ធសាស្ត្ររបស់លោកចំពោះលោក ពូទីន ដោយបញ្ជាក់ថា៖ លោកចង់ចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ជាជាងការបង្កជម្លោះជាមួយមេដឹកនាំរុស្ស៊ីរូបនេះ។ លោកបាននិយាយថា លោកបានពិភាក្សាគ្នា «យ៉ាងល្អប្រសើរ» ជាមួយលោក ពូទីន ហើយជឿជាក់ថា ប្រធានាធិបតីរុស្ស៊ីរូបនេះពិតជាចង់សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងណាមួយ។ នៅពេលត្រូវបានសួរថាតើលោកសង្ឃឹមថា លោក ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលដែលគ្រោងធ្វើឡើងនៅរមណីយដ្ឋាន Doral របស់លោក ក្នុងរដ្ឋ Florida ដែរឬទេ។ លោក ត្រាំ បានឆ្លើយថា៖ លោកមិនរំពឹងបែបនោះទេ ប៉ុន្តែបានបន្ថែមថា មេដឹកនាំរុស្ស៊ីរូបនេះអាចចូលរួមបាន ប្រសិនបើគាត់ចង់។ លើសពីនេះទៀត លោក ត្រាំ បានអះអាងថា សមត្ថភាពយោធារបស់ប្រទេសអ៊ីរ៉ង់ត្រូវបានចុះខ្សោយយ៉ាងខ្លាំង ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវទីតាំងនុយក្លេអ៊ែរនានារបស់ប្រទេសនេះ។ លោកបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារលើតំបន់ភ្នំ Pickaxe ដោយនិយាយថា៖ យើងពិតជានឹងវាយប្រហារលើភ្នំ Pickaxe ប្រាកដមែន ប៉ុន្តែមកទល់ពេលនេះ យើងមិនទាន់ឃើញមានសកម្មភាពជាក់ស្តែងណាមួយនៅទីនោះនៅឡើយទេ»៕
សម្រួលអត្ថបទ៖ សុផារិន្ទ


