ទោះបីដឹងថាដំណើរទៅដល់បាសេឡូណា ឬជាដំណើរទៅរកសេចក្តីស្លាប់ក្តី! ក៏ប្រជាជនទីក្រុងនេសាទនៃប្រទេសសេណេហ្គាល់ត្រូវតែចាកចេញដើម្បីស្វែងរកជីវិតល្អជាងមុននៅទ្វីបអឺរ៉ុប

ស្ថិតនៅលើឆ្នេរខ្សាច់នៃទីក្រុងនេសាទ Kayar ប្រទេសសេណេហ្គាល់ មនុស្សស្ទើរតែទាំងអស់សុទ្ធតែរងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក។ អ្នកស្រី Falla Dionne អាយុ ២៤ ឆ្នាំ ត្រូវរស់នៅដោយគ្មានស្វាមីអស់រយៈពេល ៤ ឆ្នាំមកហើយ។ ស្វាមីរបស់អ្នកស្រីបានចាកចេញពីផ្ទះកាលពីខែកក្កដា ឆ្នាំ ២០២២ ដោយប្រាប់ថាគាត់នឹងទៅធ្វើការនៅប្រទេសម៉ូរីតានី (Mauritania)។ មួយសប្តាហ៍ក្រោយមក ឪពុកម្តាយក្មេកគាត់បានប្រាប់អ្នកស្រីថា៖ គាត់បានឡើងទូកនេសាទមួយឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញបាត់ហើយ។ ចាប់តាំងពីពេលនោះមក អ្នកស្រីមិនបានទទួលដំណឹងអ្វីពីស្វាមីគាត់នោះទៀតទេ។ អ្នកស្រីបាននិយាយថា៖ ពួកយើងបានរង់ចាំគាត់ អស់រយៈពេល ១០ថ្ងៃ ដល់ជិត២០ថ្ងៃ រហូតដល់មួយខែ ដោយព្យាយាមសាកសួររកដំណឹង និងផ្តាំប្រាប់តៗគ្នា។ បន្ទាប់មក ទើបមានគេប្រាប់ថា ទូកនោះមិនបានទៅដល់ច្រាំងឡើយ»។ អ្នកស្រីលឺហើយ យំសោកស្តាយជាខ្លាំង ខណៈពេលនិយាយជាមួយកូនប្រុសរបស់ពួកគេដែលទើបតែមានអាយុត្រឹមតែ៣ ខែប៉ុណ្ណោះ នៅពេលដែលស្វាមីរបស់អ្នកស្រីបានបាត់ខ្លួនបែបនេះ។ ទោះបីជាស្វាមីបានបាត់ខ្លួនក៏ដោយ ក៏អ្នកស្រីកំពុងត្រៀមខ្លួនដើម្បីធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ដូចគ្នានេះដែរ។ អ្នកស្រីគ្រោងនឹងទុកកូនប្រុសឱ្យនៅជាមួយជីដូនរបស់គេ។ នៅក្បែរនោះ មានក្រុមអ្នកនេសាទមួយក្រុមអង្គុយនៅលើឆ្នេរ។ ពួកគេភាគច្រើនធ្លាប់បានព្យាយាមចាកចេញពីប្រទេសរួចមកហើយ ហើយពួកគេនិយាយថា ពួកគេនឹងបន្តព្យាយាមទៀត។ ចំណែកលោក Baye Coura Diop ជាអ្នកនេសាទវ័យ ២៣ឆ្នាំបាននិយាយថា៖ ខ្ញុំធ្លាប់បានព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញចំនួន ៣ដង។ មានលើកមួយនោះ ខ្ញុំបានចំណាយពេល ១៥ ថ្ងៃនៅលើសមុទ្រ។ ចំណែកលើកទី ២ និងទី ៣ វិញ គឺព្រះជាម្ចាស់មានព្រះទ័យផ្សេងសម្រាប់ជីវិតខ្ញុំ ប៉ុន្តែខ្ញុំនៅតែមានជំនឿថា៖ ខ្ញុំនឹងចេញដំណើរទៅទៀត ប្រសិនបើព្រះជាម្ចាស់អនុញ្ញាត។ ទោះបីជាទ្វីបអឺរ៉ុបបានចំណាយប្រាក់រាប់លានដុល្លារដើម្បីកាត់បន្ថយចំនួនអ្នកចាកចេញពីតំបន់អាហ្វ្រិកខាងលិចក៏ដោយ ក៏លោក Diop និងមនុស្សជាច្រើនទៀតជឿជាក់ថា ការចាកចេញទៅរកទីជំរកថ្មីគឺជាជម្រើសតែមួយគត់របស់ពួកគេ ដើម្បីកសាងជីវិតដ៏ប្រសើរជាងមុន។ ផ្លូវស្របច្បាប់ដើម្បីទៅកាន់ទ្វីបអឺរ៉ុប គឺស្ទើរតែមិនអាចទៅរួចសម្រាប់ប្រជាជនទូទៅនៅអាហ្វ្រិកខាងលិច ដោយសារពួកគេប្រឈមមុខនឹងអត្រាបដិសេធទិដ្ឋាការខ្ពស់បំផុតមួយនៅលើពិភពលោក តម្រូវការឯកសារដ៏តឹងរ៉ឹង និងការត្រួតពិនិត្យយ៉ាងលម្អិតហួសហេតុ។ មនុស្សរាប់ពាន់នាក់ព្យាយាមឆ្លងកាត់មហាសមុទ្រអាត្លង់ទិកជារៀងរាល់ឆ្នាំ ដោយជិះទូកនេសាទចាស់ៗដែលមិនរឹងមាំ តាមផ្លូវដែលមានគ្រោះថ្នាក់ខ្លាំង រហូតដល់ត្រូវបានគេដាក់ឈ្មោះថា៖ ដំណើរទៅដល់បាសេឡូណា ឬជាដំណើរទៅរកសេចក្តីស្លាប់។ យោងតាមអាជ្ញាធរអេស្ប៉ាញបានឱ្យដឹងថា នៅឆ្នាំនេះ មានប្រជាជនអាហ្វ្រិកខាងលិចជាង ២៦,០០០នាក់ ដែលភាគច្រើនមកពីប្រទេសសេណេហ្គាល់ និងហ្គាំប៊ី (Gambia) បានធ្វើដំណើរទៅដល់កោះកាណារីភាគច្រើនជាងគេ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ