រដ្ឋមន្ត្រីសុខាភិបាល៖ «ត្រូវបន្តពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពឱ្យកាន់តែល្អប្រសើរ»។
រាជធានីភ្នំពេញ៖ ថ្លែងបន្តទៀតនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានបំពេញតួនាទី និងភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានរំលឹកឱ្យបន្តអនុវត្តការងារ ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
មានប្រសាសន៍ទៀតនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំបន្ថែម ដើម្បីធានានិរន្តរភាពការងារ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ ដោយផ្តោតសំខាន់លើចំណុចមួយចំនួនដូចខាងក្រោម៖
-បន្តពង្រឹងសមត្ថភាពមន្ត្រី និងបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងលើកកម្ពស់ការប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
-ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងការិយាល័យស្រុកប្រតិបត្តិ បន្តយកចិត្តទុកដាក់ចុះពិនិត្យ និងផ្តល់ការគាំទ្រដល់មូលដ្ឋានសុខាភិបាល ជាពិសេសនៅតាមមន្ទីរពេទ្យបង្អែកស្រុក។
-មន្ត្រី និងបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យខេត្ត ត្រូវមានភាពម្ចាស់ការលើការងារ និងខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។
-បន្តយកចិត្តទុកដាក់លើបញ្ហាជំងឺមិនឆ្លង ដោយធ្វើការប៉ាន់ប្រមាណស្ថានភាពជំងឺ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសការពិនិត្យស្វែងរក ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដើម្បីបង្កើនអត្រារកឃើញជំងឺឱ្យបានទាន់ពេលវេលា។
-បន្តយកចិត្តទុកដាក់លើការតាមដាន និងទប់ស្កាត់ជំងឺឆ្លង ព្រមទាំងធ្វើការស្រាវជ្រាវ និងសិក្សាពីបទពិសោធន៍របស់ប្រទេសដទៃ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានការសង្ស័យ។
-បន្តរៀបចំរបាយការណ៍ និងការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ របស់ក្រសួងសុខាភិបាល ឱ្យបានល្អ និងទាន់ពេលវេលា។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពេល ដែលឯកឧត្តម អញ្ជើញ
ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅការងារបន្ត ឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចាប់ពីរដ្ឋលេខាធិការរហូតដល់ប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល ប្រធានមន្ទីរពេទ្យជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ដែលបានចូលរួមតាមប្រព័ន្ធ Zoom។


