ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ចិន៖ មិត្តដែកថែបកម្ពុជា-ចិន រឹងមាំ រីកចម្រើនគ្រប់កាលៈទេសៈ មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ តែធានាស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិផងដែរ

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ដូចគ្នាថា ចំណងមិត្តភាពដែកថែបប្រទេសទាំងពីរ កម្ពុជានិងចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ ថែមទាំងបានធានាដល់ស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិផងដែរ ទោះបីជាសកលលោកកំពុងប្រឈមនឹងការប្រែប្រួលនិងជួបប្រទះនូវបញ្ហាស្មុគស្មាញជាច្រើនយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពដែកថែបនៅបន្តរឹងមាំនិងរីកលូតលាស់ជាលំដាប់។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃដូចគ្នាបែបនេះ នៅក្នុងឱកាសជួបពិភាក្សាទ្វេភាគី នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ខណៈដែលលោកជំទាវអនុប្រធាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួន ៣ ថ្ងៃ ដោយផ្តើមពីថ្ងៃទី២៦ នេះ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវ ធៀ នីង និងគណៈប្រតិភូមកកម្ពុជានាឱកាសនេះ សបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតនិងស៊ីជម្រៅរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាពដែកថែប ព្រមទាំងការសម្រេចបាននូវសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

សម្តេចបានអបអរសាទរ ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលមិត្តចិនសម្រេចបាននៅក្នុងរយៈពេល ៧៧ ឆ្នាំមកនេះ។ សម្តេចមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយថាមវន្តរបស់បក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ជាមេដឹកនាំស្នូល ប្រទេសចិននឹងសម្រេចនូវ គោលដៅ ១០០ ឆ្នាំទី២ ឆ្នាំ២០៤៩ ចិនប្រែក្លាយជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។

ភាគីទាំងពីរបានលើកឡើងថា ចំណងមិត្តភាពនៃប្រទេសទាំងពីរបានកសាង និងពូនជ្រំឡើងយ៉ាងជ្រាលជ្រៅនិងស៊ីជម្រៅ ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់។ ជាពិសេស មានការរីកចម្រើនជាលំដាប់នៅក្នុងការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងអាណត្តិទី៧នៃរដ្ឋសភានេះ។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា បានពិភាក្សាគ្នាដោយបើកចំហ ស្មោះត្រង់ និងស្និទ្ធស្នាលជាទីបំផុត ដើម្បីជំរុញទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ភាគីចិន បានសន្យាថានឹងបន្តគាំទ្រដល់គម្រោងព្រែកជីកតេជោហ្វូណន ជំរុញការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធសង្គមនៅកម្ពុជាបន្តទៀត បន្តនាំចូលកសិផលពីកម្ពុជានិងជំរុញអ្នកវិនិយោគពីចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តចិនដែលបានខ្នះខ្នែងដោយយកចិត្តទុកដាក់បំផុត ដល់ការផ្តល់តំហែទាំព្រះរាជសុខភាពនិងការព្យាបាលព្រះរោគដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្តេចម៉ែ”ហ្លួងម៉ែ” ពីសំណាក់គ្រូពេទ្យល្បីៗនៃមន្ទីរពេទ្យចិន។

ដោយឡែក ចំពោះទំនាក់ទំនងរដ្ឋសភា និងរដ្ឋសភា ភាគីទាំងពីរប្តេជ្ញាអនុវត្តឱ្យសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នា ដែលរដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤ ឱ្យសម្រេចបានជោគជ័យ ទាំងក្នុងកម្រិតរដ្ឋសភា មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ ក្រុមមិត្តភាព គណៈកម្មការជំនាញ សមាជិកសភាវ័យក្មេង សមាជិកសភាជាស្ត្រី រួមទាំងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ។

លោកជំទាវ ធៀ នីង បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា។ជាមួយគ្នានេះ លោកជំទាវក៏បានអរគុណសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនគណៈប្រតិភូ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការសភា ប្រទេសទាំងពីរបានកសាងគ្រឹះដ៏រឹងមាំនៃទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការជាញឹកញាប់រវាងថ្នាក់ដឹកនាំសភា គណៈកម្មការ ក្រុមមិត្តភាព និងអគ្គលេខាធិការដ្ឋាន បានពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក កាន់តែស៊ីជម្រៅ ព្រមទាំងបានបើកនូវមាគ៌ាថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសលើការស្រាវជ្រាវសភា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។

សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា កម្ពុជាកំពុងកសាងទំនុកចិត្តសង្គមនិងច្បាប់ ក្នុងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ នៅក្នុងនោះការប្រយុទ្ធប្រឆាំងបញ្ហាសកល បទល្មើសឆបោកតាមអនឡាញយ៉ាងមោះមុតនិងជាអាទិភាពបំផុត។ ជាមួយគ្នានេះ សម្តេចក៏បានស្នើលោកជំទាវប្រធានគណៈប្រតិភូរៀបចំបង្កើតឱ្យមានការភ្ជាប់ព្រឹត្តិការណ៍ទេសចរណ៍ និងសិល្បៈប្រទេសទាំងពីរផងដែរ។

សម្តេចបានបញ្ជាក់ថា មិត្តចិនជាដៃគូពាណិជ្ជកម្ម វិនិយោគ និងជាអ្នកផ្តល់ជំនួយដ៏ធំបំផុតសម្រាប់កម្ពុជា ដែលមិត្តចិនបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជា។ ក្នុងន័យនេះ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះមិត្តចិន ដែលជានិច្ចកាលបន្តគាំទ្រ និងផ្តល់ជំនួយលើវិស័យសំខាន់ៗ ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ជាពិសេសការគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងគម្រោងពាក់ព័ន្ធនានា។

សម្តេចក៏បានអរគុណមិត្តចិន ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ពិសេសការសម្របសម្រួលឱ្យមានជំនួបត្រីភាគី បានសម្រេចបាននូវកុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) កាលពីខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាប្រកាន់ជំហរគោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី។

នៅត្រង់ចំណុចនេះ លោកជំទាវ ធៀ នីង បានគូសបញ្ជាក់ថា ភាគីចិននឹងបន្តប្រឹងប្រែងសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរកសាងនូវទំនុកចិត្តឡើងវិញ និងដំណើរការកិច្ចសន្ទនា។ ភាគីចិនមានសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្តិវិធី បានក្នុងពេលឆាប់ៗនេះ៕