គម្រោងវិនិយោគកំពង់ផែផ្គត់ផ្គង់សម្ភារៈសំណង់តម្លៃ ៤,៥ លានដុល្លារ នៅក្រុងកោះរ៉ុង ទទួលបានការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំគោលការណ៍សាងសង់កំពង់ផែដឹកជញ្ជូនសម្ភារៈសំណង់ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នៅតំបន់កោះ។

យោងតាមរបាយការណ៍របស់លោក Sam Jason តំណាងគម្រោងបានឱ្យដឹងថា កំពង់ផែនេះគ្រោងចំណាយទុនវិនិយោគប្រមាណ ៤,៥ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ២ ហិកតា (២០,០០០ ម៉ែត្រការ៉េ) ក្នុងនោះមានផែចាក់អែបច្រាំងចូលសមុទ្រទំហំ ១,៥០០ ម៉ែត្រការ៉េ ដែលអាចឱ្យនាវាផ្ទុកទំនិញចំណុះពី ៧០០ ទៅ ១,០០០ តោន ចូលចតបាន។ កំពង់ផែនេះនឹងផ្តោតសំខាន់លើការផ្គត់ផ្គង់គ្រឿងសំណង់ ដូចជា ខ្សាច់ ថ្ម ដែក ស៊ីម៉ងត៍ និងឥដ្ឋជាដើម ក្រោមគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖

កាត់បន្ថយថ្លៃដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់ក្រុងកោះរ៉ុង។
ផ្គត់ផ្គង់សម្ភារៈសំណង់ក្នុងតម្លៃសមរម្យដល់ពលរដ្ឋ និងអាជីវករ។
ជំរុញការសាងសង់លំនៅឋាន សណ្ឋាគារ រមណីយដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ។
បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ចថ្មីនៅក្រុងកោះរ៉ុង និងខេត្តព្រះសីហនុ។
ចូលរួមគាំទ្រផែនការអភិវឌ្ឍន៍ក្រុងកោះរ៉ុងប្រកបដោយចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយគូសបញ្ជាក់ថា បច្ចុប្បន្នសម្ភារៈសំណង់នៅលើកោះមានតម្លៃខ្ពស់ដោយសារការលំបាកក្នុងការដឹកជញ្ជូន។ ដូច្នេះ វត្តមានកំពង់ផែផ្គត់ផ្គង់ផ្ទាល់នៅលើកោះ នឹងជួយបញ្ចុះតម្លៃសម្ភារៈសំណង់ កាត់បន្ថយការប្រើប្រាស់ឈើ និងបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលកំពុងមានតម្រូវការខ្ពស់សម្រាប់បម្រើវិស័យទេសចរណ៍ និងការវិនិយោគ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដើម្បីឱ្យរដ្ឋបាលខេត្តជួយសម្របសម្រួល និងពន្លឿននីតិវិធីឱ្យបានឆាប់រហ័ស។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនរៀបចំផែនការអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ដោយត្រូវធានាការការពារបរិស្ថានទាំងលើគោក និងក្នុងសមុទ្រ ជៀសវាងការប៉ះពាល់ដល់ដីចំណីផ្លូវ ចំណីសមុទ្រ និងលំនៅឋានរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់កោះឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ មន សូត្រ