ភ្ញៀវទេសចរប្រមាណជាង ៣៤ ម៉ឺននាក់ ធ្វើដំណើរមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យអុំទូកឆ្នាំ២០២៦
ព្រះសីហនុ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៤២.៥៤១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៣៣៤.១៩៣នាក់ និងភ្ញៀវបរទេសចំនួន ៨.៣៤៨នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
របាយការណ៍ដដែលបានបង្ហាញពីការបែងចែកទិសដៅកម្សាន្តរបស់ភ្ញៀវទេសចរនៅទូទាំងខេត្ត ក្នុងអំឡុងពេល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ ដូចខាងក្រោម៖
-តាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្ត៖ ទទួលបានភ្ញៀវសរុបចំនួន ៣៣៧.៦៣១នាក់ ក្នុងនោះភ្ញៀវជាតិ ៣៣២.១០៥នាក់ និងភ្ញៀវបរទេស ៥.៥២៦នាក់។
-តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ៖ មានជើងហោះហើរចំនួន ១១ជើង ស្មើនឹងភ្ញៀវសរុប ១.០៤៤នាក់ ក្នុងនោះភ្ញៀវជាតិ ០៦នាក់ និងភ្ញៀវអន្តរជាតិ ១.០៣៨នាក់។
-តាមបណ្តាកោះ៖ ទទួលបានភ្ញៀវសរុបចំនួន ៣.៨៦៦នាក់ ក្នុងនោះភ្ញៀវជាតិ ២.០៨២នាក់ និងភ្ញៀវបរទេស ១.៧៨៤នាក់។
ទន្ទឹមនឹងលំហូរភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករនេះ ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក៏ដូចជាក្រុមការងារដែលពាក់ព័ន្ធ បានបន្តចេញល្បាត ចល័ត និងចុះត្រួតពិនិត្យ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ និងបង្ករលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការមកំសាន្ត ដោយរីករាយ និងមានភាពកក់ក្តៅបំផុត។
កម្លាំងនគរបាលជំនាញ និងកម្លាំងអន្តរាគមន៍ បានបែងចែកគោលដៅឈរជើង និងចល័តនៅតាមតំបន់សំខាន់ៗជាច្រើន រួមមាន ការសម្រួលចរាចរណ៍នៅតាមដងផ្លូវសាធារណៈ និងតំបន់ទីប្រជុំជន ការចុះល្បាតតាមឆ្នេរសមុទ្រ និងតំបន់ទេសចរណ៍លើកោះរ៉ុង ការជួយសម្រួលដល់ការឡើង-ចុះទូកទេសចរណ៍នៅតាមកំពង់ផែជាដើម។
អត្ថបទ៖ ម៉ារ៉ាឌី


