កម្ពុជា-វៀតណាម បើកកិច្ចប្រជុំត្រីភាគី លើកទី៦ រវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា ជាមួយនាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៅ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូរួមមាន នាយនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាយនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ ជាមួយនាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម នៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ័រ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ នៅតាមបណ្តោយព្រំដែននៃប្រទេសភូមិផងរបងជាមួយទាំងពីរ។
លែងក្នុងពិធីបើកអង្គប្រជុំ លោកឧត្តមសេនីយ៍ត្រី ង៉ូ ថាញ់ប៊ិញ ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតចំពោះវត្តមានរបស់គណៈប្រតិភូនគរបាលជាតិកម្ពុជា និងបានគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃយន្តការកិច្ចប្រជុំរវាងភាគីទាំង៣។ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ថា ក្នុងបរិបទដែលឧក្រិដ្ឋជនគ្រឿងញៀនកំពុងប្រើប្រាស់គ្រប់រូបភាព និងបច្ចេកវិទ្យាទំនើបដើម្បីលួចលាក់ដឹកជញ្ជូនឆ្លងដែន កិច្ចសហការដ៏ជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងកម្លាំងកម្ពុជា និងវៀតណាម គឺជាខែលដ៏រឹងមាំបំផុតក្នុងការទប់ស្កាត់រលកគ្រឿងញៀន មិនឱ្យបំផ្លាញសុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរបានឡើយ។
អង្គប្រជុំទាំងមូលបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើសភាពការណ៍ និងលទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំង៣ ក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សា និងឯកភាពគ្នាជាឯកច្ឆន្ទលើការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសហប្រតិបត្តិការសម្រាប់អនុវត្តបន្ត ដោយផ្តោតសំខាន់លើការបង្កើនល្បឿននៃការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេតទាន់ហេតុការណ៍ ការពង្រឹងយន្តការទំនាក់ទំនងទាន់ហេតុការណ៍ (Hotline) គ្រប់កម្រិត ការបើកប្រតិបត្តិការរួមគ្នាដើម្បីស្រាវជ្រាវ និងវែកមុខបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសស៊ើបអង្កេតដល់មន្ត្រីអនុវត្តច្បាប់នៃភាគីទាំងពីរ។
ក្នុងឱកាសនោះដែរ អង្គប្រជុំបានបើកវេទិកាធ្វើបទអន្តរាគមន៍ និងផ្លាស់ប្តូរបទពិសោធន៍យ៉ាងផុលផុស រវាងកងកម្លាំងនគរបាល និងកងទ័ពការពារព្រំដែនវៀតណាម ជាមួយបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរបស់កម្ពុជា ដែលមានភូមិសាស្ត្រជាប់នឹងប្រទេសវៀតណាម ដើម្បីចែករំលែកព័ត៌មានសម្ងាត់ លើកឡើងពីបញ្ហាប្រឈមជាក់ស្តែងនៅតាមច្រកទ្វារព្រំដែន និងច្រករបៀង ព្រមទាំងរួមគ្នាដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលា។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសហការដ៏ល្អប្រសើរ រហ័សរហួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ភាគីវៀតណាមនាពេលកន្លងមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញជាប្រចាំពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កងកម្លាំងនគរបាលជាតិកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហការស្អិតល្មួតជាមួយភាគីវៀតណាម តាមរយៈការរឹតបន្តឹងការត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ការទប់ស្កាត់ការលួចនាំចូលសារធាតុគីមីផ្សំ និងការសហការបង្ក្រាបបទល្មើសឱ្យដល់ឫសគល់ ដើម្បីប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ការអភិវឌ្ឍ និងគ្មានគ្រឿងញៀន។


