ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះចៅអធិការវត្តវាលុកថុល្លារាម (ហៅវត្តទួលខ្សាច់) និងអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះសីលាភិរ័ត ហែម ឡូត ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តវាលុកថុល្លារាម (ហៅវត្តទួលខ្សាច់) ដែលស្ថិតនៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ព្រះសីលាភិរ័ត បានទទួលអនិច្ចធម្មកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ ៥៦ព្រះវស្សា។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត បានសម្ដែងនូវសមានទុក្ខដ៏ជ្រាលជ្រៅបំផុតជាមួយគណៈសង្ឃ គណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទ និងក្រុមគ្រួសារសព ព្រមទាំងឧទ្ទិសបួងសួងសូមឱ្យដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះសីលាភិរ័ត ហែម ឡូត យាងទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានចូលរួមសោកស្ដាយយ៉ាងក្រៃលែងចំពោះគ្រួសារជនរងគ្រោះ និងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តផ្សព្វផ្សាយណែនាំជូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះបណ្ដាញ និងគ្រឿងអគ្គិសនី ភ្លើងចង្ក្រាន ភ្លើងធូបទៀន និងវត្ថុងាយឆេះផ្សេងៗ ដើម្បីបង្ការហានិភ័យអគ្គិភ័យកើតឡើងជាយថាហេតុ។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បាននាំយកថវិកាមួយចំនួនមកឧបត្ថម្ភជូនគ្រួសាររងគ្រោះ ដើម្បីជួយសម្រាលទុក្ខលំបាកមួយចំនួនផងដែរ៕


