ទេសចរណ៏ជាង៣៦ម៉ឺននាក់មកដើរលេងកម្សាន្ត និងចូលរួមទស្សនាការប្រណាំងទូកនៅខេត្តកំពត

ប្រធានមន្ទីរទេសចរណ៏ខេត្តកំពតស្តីទី  លោក ញ៉ាន់ ប៊ុនណារិទ្ធ បានប្រាប់ឲ្យដឹងថា ពិធីប្រណាំងទូក រយៈពេល២ថ្ងៃ (២៣ និង២៤ )ខែវិច្ឆិកា ឆ្នាំ២០២៦  ខេត្តកំពតមានភ្ញៀវសរុបចំនួន៣៦៦ ៤១៧នាក់ ក្នុងនោះ៖  ភ្ញៀវទេសចរតាមរមណីយដ្ឋាន សហគមន៏ គោលដៅទេសចរណ៏ ចំនួន១១៦ ៤១៧នាក់ ។
ភ្ញៀវទេសចរ ប្រជាពលរដ្ឋចូលរួមពិធីប្រណាំងទូក និងអកអំបុកចំនួន ២៥០ ០០០ នាក់ ។ ភ្ញៀវអន្តរជាតិសរុប ២ ០៤១ នាក់។ ដោយឡែកសេវាស្នាក់នៅសំរាប់យប់ថ្ងៃទី ២៤ ខែវិច្ឆិកា  គិតត្រឹមម៉ោង ៥ រសៀលនេះការកក់បន្ទប់ពេញ ស្ទើរ ១០០% ដោយឡែកផ្ទះសំណាក់ការកក់មានចំនួនធំផងដែរ។
លោកប្រធានស្តីទី បានបន្តថា ស្ថានភាពទូទៅសម្រាប់រយៈពេល២ថ្ងៃ ទូទាំងខេត្តកំពត មានភាពល្អប្រសើរ មន្ទីរមិនទទួលបានបណ្តឹងណាមួយពីភ្ញៀវនោះទេ។ ភាពល្អប្រសើរនេះគឺដោយសារ នៅមុនពេលមានពិធីបុណ្យ ឬព្រឹត្តិការណ៍អ្វីមួយ  ឯកឧត្តមបណ្ឌិតអភិបាលខេត្ត តែងតែជួបសំណេះសំណាលផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ល្អៗ ដល់បងប្អូនប្រតិបត្តិករទេចរណ៍ បងប្អូនប្រជាពលរដ្ឋលក់ដូរក្នុងខេត្តកំពត ឲ្យយកចិត្តទុកដាក់ ឲ្យកាន់តែល្អប្រសើរ រក្សាបាននូវការជឿជាក់ និងសេចក្តីថ្លៃថ្នូរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ ។ 
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ មន្ត្រីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមសាមគ្គីគ្នា ធ្វើឲ្យពិធីប្រណាំងទូកប្រពៃ រយៈពេល២ថ្ងៃដោយជោគជ័យ។ ឯកឧត្តមក៏បានថ្លែអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាខេត្តកំពត ។
ឯកឧត្តមបានផ្តែផ្តាំថា រាល់សមិទ្ធផលនានាក្នុងខេត្តកំពត និងរាល់ព្រឹត្តិការណ៍ផ្សេងៗ ដែលផ្តល់ជូននូវភាពសប្បាយរីករាយ ក៏ដោយសារតែប្រទេសមានសុខសន្តិភាព។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋសូមរួមបន្តសាមគ្គីគ្នា ថែរក្សាឲ្យខាងតែបាន នូវសុខសន្តិភាព ពិសេសបន្តជឿទុកចិត្ត និងគាំទ្រគោលជំហរដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរួមគ្នាកសាងប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ចំណែកភ្ញៀវទេសចរមកពីតាមបណ្តាខេត្តបានសម្តែងការពេញចិត្ត និងសប្បាយរីករាយរាល់ដំណើរកម្សាន្តមកកាន់ខេត្តកំពត ពិសេសព្រឹត្តិការប្រណាំងទូកនៅខេត្តកំពត អាជ្ញាធររៀបចំបានល្អ ស្អាត ទាក់ទាញភ្ញៀវមកច្រើនជាងឆ្នាំមុន។
ចំពោះលទ្ធផលប្រណាំងទូក តាមសេចក្តីរាយការណ៍របស់ ឯកឧត្តម អ៊ឹង ឆាយអភិបាលរងខេត្តកំពត ទទួលបន្ទុករៀបចំការប្រកួតទូក បានឲ្យដឹងថា ទូកចំណាត់ថ្នាក់ទី១ មានឈ្មោះ តានីសែនជ័យបារមីសែនហាន ទទួលបានថវិកា៩លានរៀល លេខ២ ទូកឈ្មោះ ផែនដីបុព្វតាមហានាគសែនជ័យ ទទួលបានថវិកា៧លានរៀល និងលេខ៣ ទូកឈ្មោះ កំពតសែនជ័យបារមីមហាហង្ស ទទួលបានប្រាក់រង្វាន់៦លានរៀល និងទូកដែលមិនទទួលបានជ័យលាភី ទទួលបានប្រាក់លើកទឹកចិត្ត ៣លានរៀល៕