ឯកឧត្តម គីម វីរៈ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

ហ្សាកាតា៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៩ (49th ACDM) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៤ និងសន្និសីទនៃភាគីចំពោះកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន (AADMER) លើកទី១៥ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំក្នុងឆ្នាំ២០២៦ នេះ ប្រទេសឥណ្ឌូនេស៊ី បានដាក់ចេញនូវប្រធានបទរួមគឺ «ចាប់ផ្តើមពីអាស៊ានឆ្ពោះទៅកាន់សកលលោក៖ ការពង្រឹងការត្រៀមរៀបចំរបស់សហគមន៍ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំដើម្បីភាពធន់ប្រកបដោយចីរភាព»។ ប្រធានបទនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការលើកកម្ពស់សមត្ថភាពឆ្លើយតប និងកសាងភាពធន់នៅតាមសហគមន៍មូលដ្ឋាន ឱ្យកាន់តែរឹងមាំ ដើម្បីឈានទៅចែករំលែកបទពិសោធន៍ល្អៗក្នុងក្របខណ្ឌសកលលោក។

បើតាមរបៀបវារៈ កិច្ចប្រជុំកម្រិតតំបន់ដ៏មានសារៈសំខាន់នេះ ផ្តោតសំខាន់លើការពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារនានា ក្រោមក្របខណ្ឌគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៩។ ទន្ទឹមនឹងនេះ បណ្តាប្រតិភូក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ ប្រព័ន្ធជូនដំណឹងជាមុន ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការ ការឆ្លើយតបគ្រោះអាសន្នទាន់ពេលវេលា និងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយប្រកបដោយភាពធន់ និងចីរភាព៕