ឯកឧត្តម ឡាំ ហេងហួត បន្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យការដាំដុះស្តារឡើងវិញរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានបន្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពដាំដុះស្តារឡើងវិញរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគាត់ទទួលបានជំនួយស្បៀង និងពូជស្រូវពីរាជរដ្ឋាភិបាល។

បេសកកម្មចុះពិនិត្យការងារនាឱកាសនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម អគ្គលេខាធិការរង គ.ជ.គ.ម. តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប.ស.ប.ក. អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរកសិកម្ម មន្ទីរធនធានទឹក មេឃុំ មន្ត្រីកសិកម្មឃុំ មន្ត្រីមូលដ្ឋាន ព្រមទាំងប្រជាកសិករក្នុងមូលដ្ឋានជាច្រើនរូបទៀត។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាព និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រជាកសិករ ដើម្បីធានាថាការដាំដុះឡើងវិញទទួលបានទិន្នផលល្អប្រសើរ និងទាន់ពេលវេលា ក្រោយពេលទឹកជំនន់បានស្រកចុះ។

យោងតាមរបាយការណ៍បូកសរុបបានបញ្ជាក់ឱ្យដឹងថា គ្រោះទឹកជំនន់កន្លងមកបានបង្កផលប៉ះពាល់ និងធ្វើឱ្យខូចខាតផ្ទៃដីដំណាំស្រូវរបស់ប្រជាពលរដ្ឋសរុបចំនួន ២១,៥៧៤ ហិកតា។ ក្នុងចំណោមផ្ទៃដីខូចខាតទាំងនោះ ផ្ទៃដីដែលមានលទ្ធភាពអាចស្តារឡើងវិញបានមានចំនួន ៤,១៤៩ ហិកតា។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាកសិករសម្រេចបានការដាំដុះស្តារឡើងវិញលើផ្ទៃដីចំនួន ២,៧៦៧ ហិកតាហើយ ដែលស្មើនឹង ៦៦.៦៩% នៃផ្ទៃដីដែលមានលទ្ធភាពស្តារឡើងវិញសរុប៕