ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងគ្រប់គ្រង វិជ្ជាជីវៈ និងបច្ចេកទេស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយមានការចូលរួមពីឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ (ក.រ.ស.) នៃក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកំណត់មុខតំណែង និងការរៀបចំការពិពណ៌នាមុខតំណែងឱ្យបានច្បាស់លាស់ ស្របតាមរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងតម្រូវការជាក់ស្តែងរបស់អង្គភាពនីមួយៗ។ ឯកឧត្តមបានលើកឡើងថា កន្លងមក អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាននានានៃក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងបំពេញការងារនេះជាបន្តបន្ទាប់ ព្រោះជាកិច្ចការដ៏សំខាន់មួយក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានគោលដៅលើកកម្ពស់ប្រសិទ្ធភាព សមត្ថភាព និងគុណភាពនៃការបំពេញការងាររបស់មន្ត្រីរាជការ។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹក និងជំរុញឱ្យក្រុមការងារបន្តយកចិត្តទុកដាក់លើកិច្ចការដ៏សំខាន់នេះ ដើម្បីរៀបចំការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងឱ្យបានច្បាស់លាស់ ជាពិសេសលើតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងសមត្ថភាពដែលត្រូវមានសម្រាប់មុខតំណែងនីមួយៗ។ ទន្ទឹមនឹងនេះ ត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទៅលើលក្ខណៈពិសេសនៃវិស័យព័ត៌មាន និងសោតទស្សន៍ ដែលរួមមានការងារគ្រប់គ្រង ការងារវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សព្វផ្សាយ និងការងារបច្ចេកទេស ដើម្បីធានាថាការរៀបចំមុខតំណែងឆ្លើយតបទៅនឹងការវិវត្ត និងតម្រូវការជាក់ស្តែងរបស់វិស័យនេះ មុនបញ្ជូនទៅក្រសួងមុខងារសាធារណៈ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ការពិពណ៌នាមុខតំណែងជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស ការបែងចែកការងារ ការវាយតម្លៃលទ្ធផលការងារ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីឱ្យស្របតាមជំនាញ និងតម្រូវការរបស់ស្ថាប័ន។ ការរៀបចំឱ្យបានត្រឹមត្រូវ និងច្បាស់លាស់នឹងជួយកាត់បន្ថយភាពស្ទួននៃការងារ បង្កើនការទទួលខុសត្រូវ និងធានាឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម រស់ ថាន់សន បានធ្វើបទបង្ហាញអំពីដំណើរការនៃការរៀបចំសេចក្តីព្រាងនេះ ដោយបញ្ជាក់ថា ការងារនេះទាមទារឱ្យមានការសិក្សា និងពិនិត្យយ៉ាងលម្អិត ដោយផ្អែកលើមុខងារ និងភារកិច្ចជាក់ស្តែងរបស់អង្គភាព ព្រមទាំងគោលការណ៍ និងក្របខ័ណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមបានជំរុញឱ្យក្រុមការងារ និងអង្គភាពជំនាញពាក់ព័ន្ធចូលរួមផ្តល់ធាតុចូល និងយោបល់ឱ្យបានទូលំទូលាយ ដើម្បីធានាថាការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងមានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានជាក់ស្តែង។
ឯកឧត្តម រស់ ថាន់សន បានបញ្ជាក់បន្ថែមថា ការរៀបចំមុខតំណែងឱ្យបានច្បាស់លាស់ គឺជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំ និងប្រើប្រាស់ធនធានមនុស្សឱ្យចំគោលដៅ ព្រមទាំងជួយឱ្យមន្ត្រីម្នាក់ៗយល់ច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។ ដូច្នេះ ការផ្តល់យោបល់ត្រូវផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការរបស់អង្គភាពនីមួយៗ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នារវាងរចនាសម្ព័ន្ធការងារ និងការអនុវត្តជាក់ស្តែង។
ជាមួយគ្នានេះ កិច្ចប្រជុំបានបន្តពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាង ដោយផ្តោតលើការកំណត់ប្រភេទមុខតំណែង ការបែងចែកតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងលក្ខណៈសម្បត្តិជំនាញដែលត្រូវមានសម្រាប់មុខតំណែងនីមួយៗ ព្រមទាំងការប្រមូលធាតុចូល និងអនុសាសន៍ពីអង្គភាពពាក់ព័ន្ធ ដើម្បីកែលម្អសេចក្តីព្រាងឱ្យកាន់តែមានភាពច្បាស់លាស់ និងស្របតាមតម្រូវការជាក់ស្តែង។
គួរបញ្ជាក់ថា ការរៀបចំកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានក្នុងការបន្តជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្ត និងតម្រូវការរបស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា៕


