ក្រសួងព័ត៌មានផ្សព្វផ្សាយសៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» (The Philosophy of Information Diplomacy) ដែលជាស្នាដៃចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យព័ត៌មាន និងការទូត
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយសៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» (The Philosophy of Information Diplomacy) ដែលជាស្នាដៃនិពន្ធ និងចងក្រងដោយឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងរ៉ូម៉ានី ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានជម្រាបជូនថា សៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» គឺជាផ្លែផ្កានៃការសិក្សាស្រាវជ្រាវ ការគិតពិចារណា និងបទពិសោធន៍ការងារជាច្រើនឆ្នាំរបស់ឯកឧត្តមក្នុងវិស័យព័ត៌មាន ទំនាក់ទំនងសាធារណៈ និងការទូត។ ស្នាដៃនេះត្រូវបានចងក្រងឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ទស្សនវិជ្ជា និងបទពិសោធន៍ជាក់ស្តែង ជាពិសេសដល់អ្នកការទូតជំនាន់ក្រោយ និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនដែលមានចំណាប់អារម្មណ៍លើតួនាទីរបស់ព័ត៌មានក្នុងទំនាក់ទំនងអន្តរជាតិ។
សៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» នេះ ត្រូវបានបោះពុម្ពលើកដំបូងជាភាសាខ្មែរ ចំនួន ១ ០០០ ច្បាប់ ក្នុងនោះចំនួន ២០០ ច្បាប់ ត្រូវបានប្រគល់ជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សៀវភៅនេះក៏មានដាក់លក់ជូនសាធារណជននៅបណ្ណាគារ Momenbook ផងដែរ។ ជាមួយគ្នានេះ ស្នាដៃនេះគ្រោងនឹងត្រូវបកប្រែជាភាសាប៊ុលហ្គារី និងភាសាអង់គ្លេស ដើម្បីពង្រីកលទ្ធភាពចែករំលែកចំណេះដឹង និងទស្សនវិជ្ជានៃការទូតព័ត៌មានទៅកាន់មិត្តអ្នកអានអន្តរជាតិ។
ឯកឧត្តមបានលើកឡើងនូវទស្សនៈសំខាន់មួយថា «ព័ត៌មានមិនមែនគ្រាន់តែជាមធ្យោបាយផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាស្ពាននៃការយល់គ្នា ជាឧបករណ៍កសាងទំនុកចិត្ត និងជាកម្លាំងដ៏សំខាន់មួយនៃការទូតសម័យទំនើប»។ តាមរយៈស្នាដៃនេះ ឯកឧត្តមសង្ឃឹមថា នឹងអាចរួមចំណែកបន្សល់ទុកនូវចំណេះដឹង ទស្សនវិជ្ជា និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។
តាមខ្លឹមសារនៃសៀវភៅ ព័ត៌មានត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃការយល់ដឹង ការគិត និងការសម្រេចចិត្តរបស់មនុស្ស ចាប់ពីការរស់នៅប្រចាំថ្ងៃ រហូតដល់ការគ្រប់គ្រងរដ្ឋ និងទំនាក់ទំនងអន្តរជាតិ។ មនុស្ស និងស្ថាប័ននានាតែងតែពឹងផ្អែកលើព័ត៌មាន ដើម្បីវាយតម្លៃស្ថានការណ៍ ព្យាករណ៍អនាគត និងកំណត់សកម្មភាពឱ្យបានសមស្រប។ ផ្ទុយទៅវិញ ការសម្រេចចិត្តដោយគ្មានព័ត៌មានគ្រប់គ្រាន់ អាចបង្កឱ្យមានហានិភ័យ និងកំហុសឆ្គង។
សៀវភៅបានពន្យល់ពីភាពខុសគ្នារវាងទិន្នន័យ (Data) ព័ត៌មាន (Information) និងចំណេះដឹង (Knowledge) ដោយបង្ហាញថា ទិន្នន័យជាតួលេខ អក្សរ រូបភាព ឬសញ្ញាផ្សេងៗដែលមិនទាន់មានអត្ថន័យច្បាស់លាស់។ នៅពេលទិន្នន័យទាំងនោះត្រូវបានរៀបចំ ដាក់ក្នុងបរិបទ វិភាគ និងបកស្រាយឱ្យមានន័យ វានឹងក្លាយជាព័ត៌មាន។ បន្ទាប់មក នៅពេលព័ត៌មានត្រូវបានសិក្សា យល់ដឹង សាកល្បងអនុវត្ត និងប្រមូលផ្តុំជាបទពិសោធន៍ វានឹងវិវត្តទៅជាចំណេះដឹង។
ជាពិសេស ក្នុងវិស័យគ្រប់គ្រង និងការទូត ព័ត៌មានមានតួនាទីលើសពីការផ្តល់ដំណឹង ពោលគឺជាមូលដ្ឋានសម្រាប់ការវិភាគស្ថានការណ៍ ការរៀបចំគោលនយោបាយ ការព្យាករណ៍ហានិភ័យ និងការកំណត់យុទ្ធសាស្ត្រ។ ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពត្រូវការព័ត៌មានដែលមានគុណភាព ត្រឹមត្រូវ ទាន់ពេលវេលា ពេញលេញ និងអាចជឿទុកចិត្តបាន។ ចំណែកឯព័ត៌មានមិនពិត ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬព័ត៌មានដែលទទួលបានយឺតពេល អាចនាំឱ្យមានការសម្រេចចិត្តខុស និងប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គល ស្ថាប័ន និងប្រទេសជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា ស្នាដៃនេះក៏បានគូសបញ្ជាក់ពីតម្លៃពិតប្រាកដរបស់ព័ត៌មានមិនស្ថិតនៅលើបរិមាណព័ត៌មានដែលយើងមាននោះទេ ប៉ុន្តែស្ថិតនៅលើគុណភាព ភាពត្រឹមត្រូវ ភាពជឿជាក់ ភាពទាន់ពេលវេលា និងសមត្ថភាពក្នុងការប្រើប្រាស់ព័ត៌មាន ដើម្បីបង្កើតការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងសង្គមព័ត៌មាននៃសតវត្សទី២១ ព័ត៌មានបានក្លាយជាធនធានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលមានតម្លៃសម្រាប់ការអភិវឌ្ឍសង្គម ការគ្រប់គ្រងរដ្ឋ និងការពង្រឹងទំនាក់ទំនងអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយសៀវភៅនេះ គឺជាការចូលរួមចំណែកមួយក្នុងការលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងការចែករំលែកចំណេះដឹងក្នុងវិស័យព័ត៌មាន និងការទូត ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ព័ត៌មានប្រកបដោយយុទ្ធសាស្ត្រ ក្នុងការកសាងការយល់ដឹង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា៕


