ប៉ូលីសហៃទីបញ្ចេញរូបភាពពីប្រយុទ្ធគ្នាដ៏ខ្លាំងក្លាទៅលើជំរកក្រុមឧក្រិដ្ឋជនដ៏គឃ្លើន ដែលបានបង្ករភាពអាណាធិបតេយ្យយ៉ាងរ៉ាំរ៉ៃក្នុងប្រទេសជិត៥មកនេះ
កងកម្លាំងប្រដាប់អាវុធនៅប្រទេសហៃទី បានបើកប្រតិបត្តិការវាយលុកដ៏ខ្លាំងក្លាមួយ ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពល ដែលបានកាន់កាប់តំបន់ក្នុងច្រកផ្លូវដ៏សំខាន់អស់រយៈពេលជាយូរមកហើយក្នុងប្រទេសនេះ។ ច្រកផ្លូវនេះគឺជាផ្លូវតភ្ជាប់រដ្ឋធានីនៃប្រទេស ទៅកាន់តំបន់ភាគខាងលិច និងភាគខាងត្បូង។ នេះគឺជាប្រតិបត្តិការដ៏សំខាន់លើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ចាប់តាំងពីក្រុមឧក្រិដ្ឋជនដ៏ឃោរឃៅបានចូលកាន់កាប់តំបន់ Martissant ដែលស្ថិតនៅភាគខាងលិចនៃរដ្ឋធានី Port-au-Prince (ព័រអូប្រាំង)។ ប៉ូលិសជាតិហៃទីបានបង្ហោះរូបភាពវីដេអូមួយនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ថា យ៉ាងហោចណាស់មានសមាជិកក្រុមឧក្រិដ្ឋជនចំនួន ៣៤ នាក់ ត្រូវសម្លាប់នៅក្នុងតំបន់ Martissant អំឡុងពេលនៃការប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ការប្រយុទ្ធនេះពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសដែលសហការជាមួយក្រុមហ៊ុនសន្តិសុខឯកជនមួយដែលមានឈ្មោះថា Vectus Global ដែលបង្កើតឡើងដោយលោក Erik Prince អតីតសមាជិកអង្គភាព Navy SEAL របស់សហរដ្ឋអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Blackwater។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងនិងមានការប្រើប្រាស់ដ្រូនបំផ្ទុះនៅក្នុងតំបន់នោះដែរ។ ខណៈដែលការប្រយុទ្ធគ្នានៅ Martissant នៅតែបន្ត កងកម្លាំងបង្ក្រាបក្រុមឧក្រិដ្ឋជនដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានសម្រេចសមិទ្ធផលថ្មីៗប្រឆាំងនឹងក្រុមទាំងនេះផងដែរ ក្នុងគោលបំណងមិនត្រឹមតែបណ្តេញពួកគេចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទប់ស្កាត់មិនឱ្យពួកគេត្រឡប់មកវិញថែមទៀតផង។ កងកម្លាំងនេះបានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រតិបត្តិការនានាកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការបង្កើនសម្ពាធលើបណ្តាញក្រុមឧក្រិដ្ឋជន ការរុះរើទីតាំងដ៏រឹងមាំរបស់ពួកគេ និងពង្រីកការគ្រប់គ្រងលើតំបន់យុទ្ធសាស្ត្រនានាមកវិញ»។ កងកម្លាំងបង្ក្រាបក្រុមឧក្រិដ្ឋជនបានឱ្យដឹងទៀតថា ពួកគេកំពុងធ្វើប្រតិបត្តិការនៅតាមតំបន់មួយចំនួន រួមទាំងតំបន់ Tabarre ក្នុងរដ្ឋធានី Port-au-Prince និងតំបន់ Artibonite នៅភាគកណ្តាលនៃប្រទេសហៃទី ដែលជាតំបន់រងការវាយប្រហារដោយហិង្សាជាញឹកញាប់ពីសំណាក់ក្រុមប្រដាប់អាវុធ។ លើសពីនេះដែរ ក៏មានកងទ័ពប្រមាណ ២.៥០០នាក់ ដែលបញ្ជូនមកដោយប្រទេស El Salvador កាលពីខែមុន បានចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនទាំងនេះផងដែរ។ ការបញ្ជូនកងទ័ពនេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បាត់ខ្លួនទាហានអេលសាល់វ៉ាឌ័រចំនួន ៤ នាក់ ក្រោយការវាយប្រហារមួយកាលពីថ្ងៃទី ១៨ ខែតុលា នៅក្នុងរដ្ឋធានីនៃប្រទេសហៃទី។ តាមបញ្ជារបស់ប្រធានាធិបតីអេលសាល់វ៉ាឌ័រ លោក Nayib Bukele កងទ័ពទាំងនេះបានវាយប្រហារទៅលើទីតាំងស្នាក់នៅសំខាន់ៗរបស់មេក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតចំនួន២រូបនៅហៃទី ក្នុងនោះក៏មានបុគ្គលដ៏គឃ្លើនឈ្មោះ Jeff ផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


