នាយកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស សង្ឃឹមថា សិស្សចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិកនឹងបន្តចែករំលែកបទពិសោធន៍ដល់យុវជនផ្សេងៗទៀត
លោក ឡឹក ហាប់ នាយកវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតនៅក្នុងខេត្តកែប បានបង្ហាក្តីសោមន្សរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារផ្សព្វផ្សាយកម្មវិធីអប់រំគុណតម្លៃអូឡាំពិករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានជ្រើសរើសយកវិទ្យាល័យរបស់លោកជាគោលដៅផ្សព្វផ្សាយនូវសារៈសំខាន់នៃចលនាអូឡាំពិក នាពេលនេះ។
នេះជាការគូសបញ្ជាក់របស់លោកនាយកវិទ្យាល័យ ក្នុងបទសម្ភាសន៍មួយ នៅក្នុងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង NOCC និងជាវាគ្មិនប្រចាំកម្មវិធី។
ជាមួយគ្នានេះលោក លោក ឡឹក ហាប់ បង្ហាញសុទិដ្ឋិនិយមចំពោះកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នាពេលនេះ ដោយក្រៅពីបញ្ជ្រាបខ្លឹមសារអប់រំឧត្តមគតិកីឡាអូឡាំពិក ទស្សនៈវិទ្យាកីឡាអូឡាំពិក ជីវប្រវត្តិចលនាអូឡាំពិក ក៏ក្រុមការងារបានផ្សព្វផ្សាយពីយុទ្ធនាការរបស់កម្ពុជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ផងដែរ។
លោក នាយកវិទ្យាល័យ បានបន្តទៀតថា នេះជាកិត្តិយសណាស់សម្រាប់គណៈគ្រប់គ្រងវិទ្យាល័យ ក៏ដូចជាប្អូនៗសិស្សានុសិស្សទាំងអស់ ដែលទទួលបាននូវព័ត៌មាននេះ ក្នុងការត្រៀមខ្លួនចូលរួមក្នុងនាមជាយុវជន សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីការផ្សព្វផ្សាយនេះ ខ្ញុំសង្ឃឹមថា សិស្សានុសិស្សនៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស នឹងត្រៀមខ្លួនចូលរួមគាំទ្រ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។ តាមរយៈកម្មវិធីអប់រំគុណតម្លៃអូឡាំពិកនេះ ខ្ញុំក៏សង្ឃឹមថា សិស្សានុស្សនឹងយកចំណេះដឹង បទពិសោធន៍ទាំងនេះទៅចែករំលែកបន្តដល់យុវជនផ្សេងៗទៀតផងដែរ ។
គួរបញ្ជាក់ថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ថ្ងៃនេះ មានការឆ្លើយសំនួរស្ដីពីកម្មវិធីគុណតម្លៃអូឡាំពិក និងការលេងកីឡារបស់សិស្សានុសិស្សនៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយា វង្ស ខេត្តកែប សរុបចំនួន ១៥០នាក់ រៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សិស្សានុសិស្សគ្រប់រូបទទួលបានការផ្សព្វផ្សាយពីការអប់រំគុណតម្លៃអូឡាំពិក និងប្រវត្តិនៃកីឡាអូឡាំពិកតាំងពីជិត៣០០០ឆ្នាំមុន ក៏ដូចជាការចូលរួមលេងកីឡាក្រោមយុទ្ធនាការ “យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រចាំជីវិត” ដើម្បីឆ្ពោះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្រៅពីបានឈ្វេងយល់ពីវគុណប្រយោជន៍នៃ និងទស្សនវិជ្ជាអូឡាំពិក សិស្សានុសិស្សបានចូលរួមសកម្មភាពកីឡាដើម្បីទទួលបានភាពសប្បាយរីករាយ និង ការលើកទឹកចិត្តចូលក្នុងការចូលរួមលេងកីឡា។ យុទ្ធនាការនេះ បានធ្វើឡើងរួចហើយ នៅវិទ្យាល័យជាច្រើន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកែប និងគ្រោងបន្តទៅកាន់ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ក៏ដូចជាបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការឈ្លានពាន បានចូលរួមលេងសកម្មភាពកីឡា ដើម្បីសុខភាព និងសាមគ្គីភាពផងដែរ៕


