កម្ពុជា និងសហភាពអឺរ៉ុប ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីភាពជាដៃគូដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម

កម្ពុជា និងសហភាពអឺរ៉ុប បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីភាពជាដៃគូថ្មីមួយទៀត ដើម្បីជួយឱ្យរោងចក្រកែលម្អប្រសិទ្ធភាពថាមពល បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រឹងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មកម្ពុជា។

កម្មវិធី «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តរួមគ្នា ដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

កម្មវិធីនេះផ្តោតលើវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលរួមចំណែកប្រមាណពីរភាគបីនៃការនាំចេញទំនិញសរុបរបស់កម្ពុជា និងផ្តល់ការងារយ៉ាងច្រើន ជាពិសេសដល់ស្ត្រី ដោយជួយឱ្យរោងចក្របង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពល និងអនុវត្តផលិតកម្មស្អាត ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវកាន់តែខ្ពស់ផ្នែកនិរន្តរភាពរបស់អ្នកបញ្ជាទិញ និងទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ប្រសិទ្ធភាពថាមពលគឺជាផ្នែកដ៏សំខាន់មួយនៃការធ្វើទំនើបកម្ម និងការបង្កើនភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា។ កម្មវិធីភាពជាដៃគូនេះនឹងជួយរោងចក្រកែលម្អសមត្ថភាពបច្ចេកទេស អនុវត្តផលិតកម្មស្អាតនិងមានប្រសិទ្ធភាព និងបង្កើនផលិត

ភាព។ តាមរយៈការប្រែក្លាយគោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែងនៅក្នុងរោងចក្រ យើងអាចកសាងវិស័យឧស្សាហកម្មដែលមានចីរភាព និងអាចប្រកួតប្រជែងបានកាន់តែប្រសើរ។”

ភាពជាដៃគូនេះនឹងគាំទ្រដល់ការកែលម្អបទប្បញ្ញត្តិស្តីពីប្រសិទ្ធភាពថាមពល ផ្តល់ជំនួយបច្ចេកទេសដល់រោងចក្រ និងសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគលើថាមពលស្អាត និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។

កម្មវិធីក៏នឹងគាំទ្រដល់ការរៀបចំស្តង់ដារប្រសិទ្ធភាពថាមពលសម្រាប់ឧបករណ៍ឧស្សាហកម្ម កែលម្អប្រព័ន្ធតាមដាន និងរាយការណ៍អំពីការប្រើប្រាស់ថាមពល ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេសរបស់រោងចក្រ ដើម្បីកាត់បន្ថយការចំណាយលើថាមពល និងបង្កើនប្រសិទ្ធភាពផលិតកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា៖ “ថាមពលដែលមានតម្លៃបំផុតមួយគឺថាមពលដែលយើងមិនចាំបាច់ប្រើប្រាស់។ កម្ពុជាទទួលស្គាល់ ‘ឥន្ធនៈលាក់កំបាំង’ នេះជាសសរស្តម្ភសំខាន់នៃយុទ្ធសាស្ត្រថាមពលជាតិ។ ខណៈតម្រូវការថាមពលបន្តកើនឡើង ការកែលម្អប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលក្នុងវិស័យផលិតកម្ម នឹងជួយឱ្យឧស្សាហកម្មរីកចម្រើនប្រកបដោយចីរភាព។ យើងស្វាគមន៍ភាពជាដៃគូរបស់សហភាពអឺរ៉ុបក្នុងការជំរុញកិច្ចការនេះទៅមុខ។”

ក្រោមកិច្ចសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) កម្មវិធីនេះគ្រោងនឹងគាំទ្រការធ្វើសវនកម្មថាមពលចំនួន ២១០ លើក នៅតាមរោងចក្រកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដើម្បីជួយឱ្យរោងចក្រកំណត់វិធីសាស្ត្រកាត់បន្ថយការប្រើប្រាស់ថាមពល និងបង្កើនប្រសិទ្ធភាពផលិតកម្ម។

កម្មវិធីក៏នឹងលើកកម្ពស់ការប្រើប្រាស់ជីវម៉ាសប្រកបដោយនិរន្តរភាព និងកែលម្អលក្ខខណ្ឌការងារក្នុងរោងចក្រ រួមមានប្រព័ន្ធខ្យល់ចេញចូល ភ្លើងបំភ្លឺ និងវិធានការកាត់បន្ថយបញ្ហាស្ត្រេសកម្ដៅ។ សមាគមឧស្សាហកម្មនឹងទទួលបានការគាំទ្រ ដើម្បីជួយរោងចក្ររៀបចំសំណើវិនិយោគ និងទទួលបានហិរញ្ញប្បទានបៃតង។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានលើកឡើងថា៖ “ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច វិស័យឧស្សាហកម្មដែលមាននិរន្តរភាព និងប្រសិទ្ធភាពថាមពលខ្ពស់ អាចជួយអាជីវកម្មកាត់បន្ថយចំណាយ បង្កើនផលិតភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងផ្លាស់ប្តូរ។ តាមរយៈភាពជាដៃគូនេះ និងក្រោមយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបកំពុងបង្រួបបង្រួមគោលនយោបាយ ឧស្សាហកម្ម និងការវិនិយោគ ដើម្បីគាំទ្រកំណើន ភាពធន់ និងផលប្រយោជន៍រយៈពេលវែងសម្រាប់អាជីវកម្ម កម្មករ និងសហគមន៍កម្ពុជា។”

កម្មវិធី «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» គាំទ្រដល់ការអនុវត្តគោលនយោបាយជាតិប្រសិទ្ធភាពថាមពល និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងជំរុញកំណើនឧស្សាហកម្មប្រកបដោយចីរភាព ៕