អភិបាលខេត្តកំពតចុះពិនិត្យវឌ្ឍនភាពការជួសជុលផ្សារកំពង់ត្រាច និងណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរជូនអាជីវករ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការជួសជុលកែលម្អផ្សារកំពង់ត្រាច ដែលស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងគោលបំណងជំរុញឱ្យការសាងសង់សម្រេចបានតាមផែនការ និងផ្តល់ភាពងាយស្រួល ព្រមទាំងមានសោភ័ណភាពល្អប្រសើរសម្រាប់ការប្រកបអាជីវកម្មលក់ដូររបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទូទៅ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាអាទិភាពដ៏សំខាន់មួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ សុវត្ថិភាព និងការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់បងប្អូនអាជីវករ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹងនេះ ឯកឧត្ដម ម៉ៅ ធនិន ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អ្នកវិនិយោគផ្សារ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការលក់ដូរឱ្យបានត្រឹមត្រូវ ជៀសវាងការលក់ដូររំលោភលើចំណីផ្លូវ ឬបាំងផ្លូវធ្វើដំណើរ។ ជាពិសេស ត្រូវរក្សាទុកផ្លូវចេញចូលឱ្យបានធំទូលាយសម្រាប់រថយន្តគ្រប់ប្រភេទ ជាពិសេសគឺផ្លូវសម្រាប់រថយន្តពន្លត់អគ្គិភ័យអាចចេញចូលអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះដែរ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងបង្កើនសោភ័ណភាពនៅពេលរាត្រី ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់ជូននូវអំពូលភ្លើងស៊ូឡាមួយចំនួន ដើម្បីយកទៅបំពាក់នៅតាមបង្គោលភ្លើងជុំវិញបរិវេណផ្សារកំពង់ត្រាច សម្រាប់បំភ្លឺនាពេលយប់ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងអាជីវករដែលមករៀបចំលក់ដូរនៅពេលព្រឹកព្រលឹមផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត