កម្ពុជា-បេឡារុស នៅមានសក្តានុពលជាច្រើនទៀត ដែលត្រូវធ្វើកិច្ចសហការជាមួយគ្នា ដើម្បីផលប្រយោជន៍ពលរដ្ឋ

ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារ ជាមួយប្រធានគណៈប្រតិភូសភាបេឡារុស ដឹកនាំដោយ ឯកឧត្តម រ៉ាចខូវ សឺហ្គេ ប្រធានគណៈកម្មការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការអន្តរជាតិ ដើម្បីបង្កើនកិច្ចប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត សម្រាប់នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋទាំងសងខាង តាមរយៈការភ្ជាប់ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា ប្រជាជននិងប្រជាជន លើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជាដើម។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃរដ្ឋសភាប្រទេសទំាងពីរ។ កាលពីឆ្នាំ២០១២ ប្រធានរដ្ឋសភាកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងមីនស្ក៍ (Minsk)។ ឆ្នាំ២០១៣ ប្រធានរដ្ឋសភាបេឡារុសបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។ រដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្រុមមិត្តភាពសភាកម្ពុជា-បេឡារុស ដែលមានឯកឧត្តម វង សូត ជាប្រធាន និងជាអនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា សកម្មនៅក្នុងការលើកម្ពស់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរយោបល់ និងកិច្ចសន្ទនារវាងសភាទាំងពីរ។ ក្រុមមិត្តភាពនៃសភាប្រទេសទាំងពីរក៏ទើបបានជួបពិភាក្សាការងារជាមួយគ្នាកាលពីពេលថ្មីៗនេះ តាមប្រព័ន្ធអនឡាញ។

ឯកឧត្តម រ៉ាចខូវ សឺហ្គេ បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះតួនាទីសំខាន់របស់រដ្ឋសភាកម្ពុជា ក៏ដូចជាអាយប៉ា ដែលបានតម្កល់ផលប្រយោជន៍ពលរដ្ឋជាធំ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូរវាងអាយប៉ា និងបណ្តាប្រទេសនានា នៅក្នុងនោះមានបេឡារុសមួយដែរ។

ក្នុងក្របខណ្ឌទ្វេភាគី បេឡារុសមានសក្តានុពលសំខាន់ៗ អាចវិនិយោគនៅកម្ពុជា ដូចជា ឧស្សាហកម្មគ្រឿងយន្តកសិកម្ម កសិឧស្សាហកម្មជាដើម។ ឯកឧត្តម រ៉ាចខូវ សឺហ្គេ បានសន្យាថានឹងជំរុញអ្នកវិនិយោគ អ្នកទេសចរ ទៅទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។ បន្ថែមពីការស្នើឱ្យមានការជំរុញការវិនិយោគ ទេសចរណ៍មកកម្ពុជា សម្តេចរដ្ឋសភាធិបតី ក៏ជម្រាបជូនពីស្ថានភាពពិត ដែលពលរដ្ឋខ្មែរបានកំពុងជួបប្រទះ ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ដល់គណៈប្រតិភូសភាបេឡារុស។

សម្តេចគូសបញ្ជាក់ថា ដោយសារមានការរំលោភបទឈប់បាញ់ រំលោភច្បាប់អន្តរជាតិ ពីសំណាក់ថៃ បានធ្វើឱ្យពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ ដោយសារភាគីថៃបានគ្រប់គ្រងលើអធិបតេយ្យកម្ពុជាដោយកម្លាំងនិងខុសច្បាប់។ ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចបានស្នើសហគមន៍អន្តរជាតិជំរុញភាគីថៃធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរស្លូតត្រង់បានវិលត្រឡប់ទៅលំនៅឋានវិញ ដោយសេចក្តីថ្លៃថ្នូរ។ ចំពោះការដោះស្រាយបញ្ហាព្រំដែនត្រូវគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី។ បន្ទាត់ព្រំដែនប្រទេសទាំងពីរ បានទទួលស្គាល់ដោយអន្តរជាតិជាង១០០ឆ្នាំមកហើយ។ ដូច្នេះ សូមទុកបញ្ហានេះ ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោះស្រាយ ក្នុងការវាស់វែង និងបោះបង្គោលឡើងវិញ៕