ក្រសួងការងារ និងអង្គការ APHEDA អូស្រ្តាលី ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងជំរុញការងារសមរម្យនៅកម្ពុជា
(ភ្នំពេញ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Clare Middlemas នាយិកាប្រតិបត្តិរបស់អង្គការ APHEDA នៃប្រទេសអូស្ត្រាលី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ សិទ្ធិកម្មករនិយោជិត ការកសាងសមត្ថភាពសហជីព និងការជំរុញការងារសមរម្យនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការរួមចំណែករបស់អង្គការ APHEDA ក្នុងកិច្ចសហការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃសារធាតុអាបេស្តុស (Asbestos) ចំពោះសុខភាពកម្មករនិយោជិត។ ជាក់ស្ដែង ក្រសួងការងារ និងអង្គការ APHEDA បានសហការរៀបចំសិក្ខាសាលាជាច្រើនលើកមកហើយ ដោយបានដាក់ចេញវិធានការ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីបង្ការនិងទប់ស្កាត់ហានិភ័យពីសារធាតុអាបេស្តុសនៅកន្លែងការងារ ជាពិសេសក្នុងវិស័យសំណង់។
លោកស្រី Clare Middlemas បានប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងឱ្យកាន់តែជិតស្និទ្ធ ដោយផ្តោតលើការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ការពង្រឹងសិទ្ធិកម្មករ ការលើកកម្ពស់ការងារសមរម្យ និងការបង្កើនសមត្ថភាពសហជីពនៅកម្ពុជា តាមរយៈ «កម្មវិធីភាពជាដៃគូដើម្បីការងារសមរម្យនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយអង្គការ APHEDA សហការជាមួយក្រុមប្រឹក្សាសហជីពពាណិជ្ជកម្មអូស្ត្រាលី (ACTU) និងសហព័ន្ធសហជីពអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពាក់ព័ន្ធនឹងការរក្សាតុល្យភាពរវាងផលប្រយោជន៍របស់កម្មករនិយោជិត និយោជក និងភាពប្រកួតប្រជែងរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលបានគិតគូរទៅលើថ្លៃដើមផលិតកម្ម ស្ថានភាពទីផ្សារការងារ និងការប្រកួតប្រជែងក្នុងតំបន់ ដើម្បីធានាថាការលើកកម្ពស់ប្រាក់ឈ្នួលអាចប្រព្រឹត្តទៅប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់ការបង្កើតឱកាសការងារថ្មីៗ និងការវិនិយោគ។ ទន្ទឹមនេះ ការបង្កើនផលិតភាពការងារតាមរយៈការអភិវឌ្ឍជំនាញកម្មករនិយោជិត ការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការចូលរួមគាំទ្រពីម៉ាកយីហោអន្តរជាតិ ក៏ជាកត្តាចាំបាច់សម្រាប់ជំរុញការកែលម្អប្រាក់ឈ្នួល និងលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ។
ឯកឧត្តមបានបន្តទៀតថា ក្រសួងការងារក៏តែងតែគាំទ្រចំពោះការពង្រឹងសមត្ថភាពសហជីពឱ្យមានចំណេះដឹងកាន់តែទូលំទូលាយ ជាពិសេសអំពីសិទ្ធិការងារ ច្បាប់ការងារ សិទ្ធិនិយោជក និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងយន្តការដោះស្រាយវិវាទការងារប្រកបដោយវិជ្ជាជីវៈ។ ការងារទាំងនេះបាននិងកំពុងសម្របសម្រួលឱ្យស៊ីចង្វាក់គ្នាជាមួយ «កម្មវិធីការងារសមរម្យថ្នាក់ជាតិ ឆ្នាំ២០២៤-២០២៨» ដែលកម្ពុជាកំពុងអនុវត្តជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយផ្តោតលើការផ្លាស់ប្តូរសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធ ការបង្កើនផលិតភាពការងារ ការពង្រឹងយន្តការដោះស្រាយបណ្តឹងតវ៉ា ការកសាងសមត្ថភាពតំណាងសហជីពនិងនិយោជក ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការជំរុញសេដ្ឋកិច្ចបៃតង។
ឯកឧត្តមរដ្ឋមន្ត្រីបានប្ដេជ្ញាជួយគាំទ្រពេញទំហឹងចំពោះ «កម្មវិធីភាពជាដៃគូដើម្បីការងារសមរម្យនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ សិទ្ធិនិងសុខុមាលភាពកម្មករនិយោជិត ព្រមទាំងជំរុញការងារសមរម្យនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព បរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕


