ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមដង្ហែអង្គកឋិនទាន វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម និងពិធីសិតព្រះពុទ្ធមារវិជ័យ (ព្រះជីរ៍ធំ) ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក្រុមគ្រួសារដង្ហែអង្គកឋិនទាននិងប្រារព្ធពិធីសិតព្រះពុទ្ធរូបពិលោហៈស្ពាន់ដើម្បីកសាងជាព្រះពុទ្ធរូបតម្កល់ទុកនៅលើព្រះវិហារថ្មីក្នុងវត្តប្រសិទ្ធិរីម្នារាមសម្រាប់ប្រជាពលរដ្ឋនិងពុទ្ធបរិស័តគោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនាដើម្បីជាទីសក្ការៈ និងថែរក្សាប្រពៃណីព្រះពុទ្ធសាសនា។
នាព្រឹកឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ត្រូវនឹងថ្ងៃទី១៩ ខែឆ្នាំដដែល វេលាម៉ោង ៦:០០ព្រឹក ជួបជុំមន្ត្រីរាជការ ពុទ្ធបរិស័ទ និងបងប្អូនញាតិមិត្តទាំងអស់ នៅសាលារាជធានីភ្នំពេញរួចឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក្រុមគ្រួសាររួមនិងមន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញបានដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តប្រសិទ្ធិរីម្នារាម ស្ថិតក្នុងសង្កាត់ ពន្សាំងខណ្ឌព្រែកព្នៅ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារនិងវេរប្រគេនត្រៃចីវរ ព្រមទាំងបរិក្ខារចំពោះព្រះសង្ឃ រួចឧទ្ទិសបុណ្យកុសលផលបុណ្យជូនបុព្វការីជន និងវីរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននេះជាលុយខ្មែរជាង១៨០លាន«១៨០១២៤០០០រៀលនិងប្រាក់ដុល្លារ៣០១៦៥រដុល្លារ »សរុបរួមជាប្រាក់ដុល្លារ៨០១៩៦ដុល្លារអាមេរិកបានវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារនិងសមិទ្ធិផលនានានៅក្នុងទីអារាមនេះ ។

អង្គកឋិនទាននេះមន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញ,រួមជាមួយប្រជាពុទ្ធបរិសទ្ធ័ជិតឆ្ងាយក្រោមការផ្តួចផ្តើមពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវនិងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោកជំទាវកាលពីរសៀលថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦បានធ្វើអង្គកឋិនមួយ ដោយបានជួបជុំពុទ្ធបរិសទ្ធ័ រៀបចំពិធីក្រុងពាលីនមសិការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងធម៌ទេសនា នៅសាលារាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា៖ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈដែលកាន់ព្រះពុទ្ធសាសនា ប្រាកដក្នុងចិត្តមកហើយថា កាលដែលមានលទ្ធភាព និងធនធានធ្វើពិធីបុណ្យដង្ហែរអង្គ កឋិនទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានានោះនឹងទទួលបានអានិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ ជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជនដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខហើយនោះ។

ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វាទស្សមាសដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបង្ហាញថា៖ ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៏ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

យើងទាំងអស់គ្នាមានឱកាស ជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាពគឺសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណនៃអណត្តិទី៧របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រី។បុណ្យកឋិនទាននេះក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាស នាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង និងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឲ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យកាន់តែរីកចំរើន។

តាមទំនៀមទំលាប់ ជនណាបានធ្វើបុណ្យកឋិន ទានដែលនាំអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាងឈ្មោះថា ជាអ្នកឲ្យ សេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណខន្ធ័យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

បន្ទាប់ពីវេរប្រគេនត្រៃចីវរ ព្រមទាំងបរិក្ខារអង្គកឋិទានចំពោះព្រះសង្ឃរួចឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក្រុមគ្រួសារបានប្រារព្ធពិធីសិតព្រះពុទ្ធរូបពិលោហៈស្ពាន់ដើម្បីកសាងជាព្រះពុទ្ធរូបតម្កល់ទុកនៅលើព្រះវិហារថ្មីនៅវត្តប្រសិទ្ធិរីម្នារាមសម្រាប់ប្រជាពលរដ្ឋនិងពុទ្ធបរិស័តគោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនានិងទុកជាទីសក្ការៈ និងថែរក្សាប្រពៃណីព្រះពុទ្ធសាសនា៕