ឯកឧត្ដម អ៊ឹម សួរ អគ្គលេខាធិការរងទទួលបន្ទុករួម នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៦ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសឆ្នាំ២០២៤-២០២៨

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), ឯកឧត្ដម អ៊ឹម សួរ អគ្គលេខាធិការរងទទួលបន្ទុករួម នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងលោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៦ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសឆ្នាំ២០២៤-២០២៨ (Country Programme–CP) និងការកំណត់អាទិភាព ឆ្នាំ២០២៧ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល នៅថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងរដ្ឋបាលខេត្តកំពង់ចាម និងអង្គការមិនមែនរដ្ឋាភិបាលជាភ្នាក់ងារអនុវត្តគម្រោង, ព្រមទាំងភាគីពាក់ព័ន្ធ ចំនួនប្រមាណ ៧០រូប ។ គោលដៅចម្បងនៃកិច្ចប្រជុំ គឺពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ សម្រាប់ឆ្នាំ២០២៦ និងការកំណត់អាទិភាពសម្រាប់ឆ្នាំ២០២៧ ។

ជាកិច្ចចាប់ផ្តើម លោកស្រី Sandra Bernklau បានថ្លែងអំណរគុណចំពោះ គ.ស.អ.ក/ក.អ.ក ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួល និងជំរុញការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ព្រមទាំងការបន្តពង្រឹងភាពជាដៃគូរវាងស្ថាប័នទាំងពីរ ។ លោកស្រីបានគូសបញ្ជាក់ថា UNFPA នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រដល់ការអនុវត្តកម្មវិធី និងរួមចំណែកជំរុញការអភិវឌ្ឍនៅកម្ពុជា ។

គួរបញ្ជាក់ផងដែរ កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ បានកំណត់ទិសដៅអាទិភាពចំនួន ៤ រួមមាន៖ ១) ការពង្រឹងស្ថាប័នថ្នាក់ជាតិ, ថា្នក់ក្រោមជាតិ និងសហគមន៍ ក្នុងការផ្តល់សេវា និងព័ត៌មានប្រកបដោយគុណភាព, ២) ការលើកកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់អំពើរើសអើង និងអំពើហឹង្សាគ្រប់ទម្រង់, ៣) ការលើកកម្ពស់សមត្ថភាពជំនាញ និងការបង្កើតឱកាសដល់យុវជន សម្រាប់អភិវឌ្ឍធនធានមនុស្ស, និង ៤) ការពង្រឹងភាពធន់ប្រជាសាស្រ្ត ប្រព័ន្ធទិន្នន័យ ពិសេសពាក់ព័ន្ធនឹងប្រជាសាស្រ្តសម្រាប់ការវិភាគ និងការរៀបចំគោលនយោបាយ ។ កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងដោយមានការតម្រឹមទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UNSDCF 2024-2028) និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ យោងតាមឯកសារកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ UNFPA គ្រោងផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ១៨ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសនេះ ។

ជាការឆ្លើយតប ឯកឧត្តម អ៊ឹម សួរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធីក្នុង ឆ្នាំ២០២៦ ដោយចាត់ទុកលទ្ធផលដែលសម្រេចបានថា ជាសក្ខីភាពនៃការខិតខំប្រឹងប្រែង និងកិច្ចសហការរួមគ្នារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និង UNFPA ។ ឯកឧត្តមបានបង្ហាញការជឿជាក់ថា តាមរយៈការបន្តសម្របសម្រួល និងពង្រឹងភាពជាដៃគូរវាងគ្រប់ភាគីពាក់ព័ន្ធ ការអនុវត្តសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២៧ នឹងទទួលបានជោគជ័យ និងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសំដៅ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង ។

ជាកិច្ចបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានចូលរួម និងផ្តល់នូវទស្សនៈ និងធាតុចូលសម្រាប់ការរៀបចំសកម្មភាពអាទិភាពឆ្នាំ២០២៧ ។ ឯកឧត្តមបានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNFPA ប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយចាត់ទុកភាពជាដៃគូ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពនៃកម្មវិធី និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់ ។