ជំនួបត្រីភាគីជាប្រវត្តិសាស្រ្តចុងឆ្នាំ២០២៦រវាងមេដឹកនាំមហាអំណាច ចិន-អាម៉េរិក-រុស្ស៊ី នៅកិច្ចប្រជុំកំពូល APEC Shenzhen ហាក់ផ្តោតសំខាន់លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរៀងៗខ្លួន
បន្ទាប់ពីកិច្ចប្រជុំពេញអង្គ និង ទ្វេភាគីនៃកិច្ចប្រជុំកំពូល APEC ក្នុងព្រហស្បតិ៍នេះរួចមក វត្តមានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump, ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី Vladimir Putin បានឈរថតរូបជុំគ្នាមុនពេលចាប់ផ្តើមកិច្ចប្រជុំត្រីភាគីមួយនៅទីក្រុង Shenzhen ប្រទេសចិន។ លោក Trump បានលើកឡើងថា ការជួបពិភាក្សាជាមួយលោក Xi និងលោក Putin ដែលជាគូប្រជែងដ៏សំខាន់បំផុតទាំងពីររបស់សហរដ្ឋអាមេរិក គឺជាឱកាសមួយដើម្បីពិភាក្សាអំពីច្បាប់សម្រាប់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមដោះស្រាយជម្លោះសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញមិនសូវរំពឹងទុកថា នឹងមានលទ្ធផលផ្លាស់ប្តូរដ៏ជាដុំកំភួនណាស់ណាមួយកើតឡើងនោះទេ។ លោក Trump បានថ្លែងថា លោកចង់ពិភាក្សាជាមួយមេដឹកនាំទាំង២អំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ។ កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរចុងក្រោយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលគេស្គាល់ឈ្មោះថាជា New START បានផុតកំណត់នៅខែកុម្ភៈ ហើយលោក Trump បានលើកឡើងថា លោកចង់បានកិច្ចព្រមព្រៀងថ្មីមួយ ដែលត្រូវបានកែលម្អ និងធ្វើឱ្យកាន់តែទំនើប ដោយរួមបញ្ចូលទាំងប្រទេសចិនផងដែរ។ ប៉ុន្តែ ប្រទេសចិនហាក់មិនសូវមានឆន្ទៈក្នុងការទទួលយកពីការកំណត់ចំនួនអាវុធទាំងនេះទេ ដោយសារតែចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនដែលមានជាង ៦០០ គ្រាប់ គឺនៅតិចជាងឆ្ងាយ បើធៀបនឹងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី ដែលគេជឿថាមានជាង ៥.០០០ គ្រាប់រៀងៗខ្លួន។ មន្ត្រីអាមេរិកក៏បានលើកឡើងដែរថា ប្រទេសចិនមិនបានអនុវត្តយ៉ាងពេញលេញនូវការសន្យារបស់ខ្លួន ដែលបានធ្វើឡើងកាលពីឆ្នាំមុននៅក្នុងជំនួបរវាងលោក Trump និងលោក Xi នោះទេ ពោលគឺការសន្យាទិញផលិតផលកសិកម្មអាមេរិកបន្ថែម និងការបន្ធូរបន្ថយការរឹតបន្តឹងលើការលក់រ៉ែដ៏កម្រ (rare earth minerals) ដែលចាំបាច់សម្រាប់វិស័យអេឡិចត្រូនិកនោះ។ កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលសម្រេចបានកាលពីឆ្នាំមុន បន្ទាប់ពីមានការដំឡើងពន្ធ វាយប្រហារតបតដាក់គ្នាទៅវិញទៅមកនោះ នឹងត្រូវផុតកំណត់នៅថ្ងៃទី ១០ ខែមករា ឆ្នាំក្រោយ។ មន្ត្រីរដ្ឋបាលរបស់លោក Trump បានលើកឡើងពីលទ្ធភាពនៃការបើកផ្លូវពាណិជ្ជកម្មជាមួយរុស្ស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីលើកទឹកចិត្តឱ្យមានការបញ្ចប់អរិភាពនៅលើទឹកដីអ៊ុយក្រែន។ លោក Trump តែងតែបង្ហាញឱ្យឃើញថា លោកចាត់ទុកពាណិជ្ជកម្មជាឧបករណ៍មួយសម្រាប់គោលនយោបាយការបរទេស។ ក្នុងពេលជាមួយគ្នានេះ ទាំងភាគីចិន និងរុស្ស៊ី បានប្រើប្រាស់វិសយពាណិជ្ជកម្មដើម្បីគាំទ្រដល់ប្រទេសអ៊ីរ៉ង់ សូម្បីតែក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងមានជម្លោះជាមួយប្រទេសនេះក៏ដោយ ដែលសកម្មភាពនេះបានធ្វើឱ្យតម្លៃថាមពលសកលកើនឡើង និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភព។ តែសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin វិញត្រីភាគីជាប្រវត្តិសាស្រ្តជាមួយលោក Donald Trump និងលោក Xi Jinping គឺជាឱកាសដ៏មានតម្លៃមួយសម្រាប់មេដឹកនាំរូបនេះ ដើម្បីបង្ហាញថា រុស្ស៊ីគឺជាមហាអំណាចមួយដែលមានកម្រិតស្មើនឹងសហរដ្ឋអាមេរិក និងប្រទេសចិន មិនអាចប្រកែកបាន៕
សម្រួលអត្ថបទ៖ សុផារិន្ទ


