គណៈប្រតិភូសភាវ័យក្មេងកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា ចូលរួមផ្តល់ធាតុចូល និងសហគាំទ្រសេចក្តីសម្រេចការពារសុវត្ថិភាពយុវជនលើបណ្តាញសង្គមក្នុងតំបន់អាស៊ាន

ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន៖ គណៈប្រតិភូសភាវ័យក្មេងអាយប៉ា (YPA) នៃសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិកសភាវ័យក្មេង អមដំណើរដោយ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាវ័យក្មេង នៃមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៧ ដោយបានផ្តល់ធាតុចូលយ៉ាងសកម្ម និងសហគាំទ្រ (Co-Sponsor) លើសេចក្តីព្រាងសេចក្តីសម្រេចដ៏សំខាន់ ស្តីពីការលើកកម្ពស់សុវត្ថិភាពបណ្តាញសង្គមសម្រាប់យុវជនក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Makati Shangri-La ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗចំនួន ២ រួមមាន៖

១. «សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការអនុម័តលើវិធាននៃនីតិវិធីនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA)»(Draft Resolution on Approval of the Rules of Procedure of Young Parliamentarians of AIPA) ដែលស្នើឡើងដោយសភាប្រ៊ុយណេ។

២. «សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការលើកកម្ពស់វិធានការបុរេសកម្មសម្រាប់ឱ្យបរិយាកាសបណ្តាញសង្គមប្រកបដោយសុវត្ថិភាពជាងមុន សម្រាប់យុវជនក្នុងតំបន់អាស៊ាន»(Draft Resolution on Encouraging Proactive Measures for a Safer Social Media Environment for the Youth in ASEAN) ដែលស្នើឡើងដោយសភាហ្វ៊ីលីពីន។

ក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូសភាកម្ពុជាបានចូលរួមផ្តល់ធាតុចូលយ៉ាងផុលផុសទៅលើសេចក្តីព្រាងសេចក្តីសម្រេចទាំងពីរ និងបានប្រកាសសហគាំទ្រ (Co-Sponsor) ជាផ្លូវការទៅលើសេចក្តីព្រាងសេចក្តីសម្រេចទី២ របស់សភាហ្វ៊ីលីពីន ដើម្បីរួមចំណែកបង្កើតបរិយាកាសឌីជីថល និងបណ្តាញសង្គមដែលមានសុវត្ថិភាពខ្ពស់សម្រាប់យុវជនអាស៊ានទាំងមូល៕