គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច (Social) ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៧

ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតិយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា រួមមាន ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិករដ្ឋសភា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការចូលរួមដោយគណៈប្រតិភូមកពីបណ្តាសភាសមាជិកអាយប៉ា ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនប្រាំមួយ (៦) រួមមាន៖
១. សេចក្តីព្រាងសេចក្តីសម្រេចទី១ ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការផ្សារភ្ជាប់គ្នារវាងការជួញដូរគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធនានាពាក់ព័ន្ធ» ស្នើឡើងដោយកិច្ចប្រជុំលើកទី៩ នៃក្រុម ប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន។
២. សេចក្តីព្រាងសេចក្តីសម្រេចទី២  ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងការលើកកម្ពស់ការយល់ដឹង និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីឯកភាព និងសាមគ្គីភាពអាស៊ាន » ស្នើឡើងដោយសភាវៀតណាម។
៣. សេចក្តីព្រាងសេចក្តីសម្រេចទី៣ ស្តីពី «ការកសាងសហគមន៍អាស៊ានមួយដែលផ្តល់បរិយាបន្នដល់មនុស្សវ័យចាស់» ស្នើឡើងដោយសភាម៉ាឡេស៊ី និងសហគាំទ្រដោយសភាវៀតណាម។
៤. សេចក្តីព្រាងសេចក្តីសម្រេចទី៤ ស្តីពី «ការពង្រឹងការការពារ និងវិធានការធានាកិច្ចគាំពារសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន៖ ការជំរុញកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង» ស្នើឡើងដោយសភាហ្វីលីពីន និងសហគាំទ្រដោយសភាកម្ពុជា។
៥. សេចក្តីព្រាងសេចក្តីសម្រេចទី៥ ស្តីពី «ការពង្រឹងភាពជាអ្នកដឹកនាំរបស់សភា ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងធានាបាននូវសន្តិភាព វិបុលភាព និងការយកប្រជាជនជាស្នូលក្នុងអាស៊ាន» ស្នើឡើងដោយសភាកម្ពុជា។
៦. សេចក្តីព្រាងសេចក្តីសម្រេចទី៦ ស្តីពី «ការធានាលទ្ធភាពទទួលបានការអប់រំ និងនិរន្តរភាពនៃការរៀនសូត្រ តាមរយៈការអប់រំដែលឆ្លើយតបទៅនឹងគ្រោះមហន្តរាយ សម្រាប់ក្រុមប្រជាជនងាយរងគ្រោះ និងក្រុមខ្វះខាតលទ្ធភាពនៅក្នុងតំបន់អាស៊ាន» ស្នើឡើងដោយសភាហ្វីលីពីន។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច សភាកម្ពុជាបានស្នើឡើងនូវសេចក្តីព្រាងសេចក្តីសម្រេចចំនួនមួយ ក្នុងគោលបំណងប្រមូលផ្តុំសមិទ្ធផលអាយប៉ាកន្លងមក និងបន្តលើកឡើងនូវសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញ (APPFGH-9) ដើម្បីសម្រេចចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ព្រមទាំងប្រើប្រាស់អំណាចស្នូលទាំងបីរបស់សភា៖ ការធ្វើច្បាប់ ការអនុម័តថវិកា និងការតាមដានត្រួតពិនិត្យ។
ខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចដែលស្នើឡើងដោយសភាកម្ពុជា គឺទទួលការឯកភាពជាឯកច្ឆ័ន្ទ និងបានរក្សាគោលជំហររបស់កម្ពុជា ដោយជំរុញសភាសមាជិកអាយប៉ា ធានាបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ដោយគ្មានការរើសអើងសម្រាប់ក្រុមជនងាយរងគ្រោះ ពលករចំណាកស្រុក និងពលករក្រៅប្រព័ន្ធ បង្កើនហិរញ្ញប្បទានសាធារណៈលើការថែទាំសុខភាពបឋម ការពារសុវត្ថិភាពនិងលើកកម្ពស់ជីវភាពបុគ្គលិកសុខាភិបាលជួរមុខ ដើម្បីធានាថាគ្មានពលរដ្ឋអាស៊ានណាម្នាក់ត្រូវបានទុកចោលដោយគ្មានការគាំពារសុខភាពឡើយ៕