សម្តេចប្រធានរដ្ឋសភា អបអរសាទរ រដ្ឋសភាហ្វីលីពីន ចំពោះការរៀបចំមហាសន្និបាតAIPA លើកទី៤៧ ជំរុញផលប្រយោជន័ពលរដ្ឋអាស៊ាន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino “Bojie” De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធាន AIPA ក្នុងក្របខណ្ឌទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយយកពលរដ្ឋជាស្នូល។
ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានរដ្ឋសភាទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរដែលមានការរីកចម្រើនជាលំដាប់។ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ និងប្រជាជនហ្វីលីពីន ចំពោះការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ប្រកបដោយជោគជ័យ ក្នុងការជំរុញការងារការទូតសភា សម្រេចឱ្យបាននូវសហគមន៍អាស៊ានមួយ ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។
នៅក្នុងឱកាសនោះ សម្តេចក៏បានបញ្ជាក់បន្ថែមពីការមិនគោរពច្បាប់អន្តរជាតិ មិនគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព លើអ្វីដែលសម្តេចបានលើកក្នុងកិច្ចប្រជុំពេញអង្គលើកទី១ AIPA លើកទី៤៧ អំពីពលរដ្ឋខ្មែរជាង ២ម៉ឺននាក់មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ។ ក្នុងនាមជាតំណាងប្រជាពលរដ្ឋ សម្តេចបានគូសបញ្ជាក់ថា សភាត្រូវតែស្វែងរកដំណោះស្រាយជូនពលរដ្ឋ។ បញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ផងដែរ។
«កម្ពុជាត្រូវការដោះស្រាយផលលំបាកជូនពលរដ្ឋ។ យើងអំពាវនាវឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការការទូត គោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់» នេះជាការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។
ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលជាសាក្សីដ៏សំខាន់មួយក្នុងការធានាឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា។
ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ បានអរគុណសម្តេចប្រធានរដ្ឋសភាដែលបានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧។ វត្តមានសម្តេចមានអត្ថន័យធំធេងធ្វើឱ្យមហាសន្និបាតទទួលបានជោគជ័យ ក្នុងការជំរុញសាមគ្គីភាពគ្រួសារអាយប៉ា លើកកម្ពស់វិបុលភាពពលរដ្ឋ។
ឯកឧត្តមប្រធានរដ្ឋសភា បានអរគុណកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅ និងប្រកបការងារនៅកម្ពុជាលើច្រើនវិស័យ។ ឯកឧត្តមបានឯកភាពចំពោះការលើកឡើងរបស់សម្តេច នៅក្នុងការជំរុញការភ្ជាប់ទំនាក់ទំនងពលរដ្ឋប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សន្តិសុខ Cybercrime អប់រំ និងបច្ចេកវិទ្យាជាដើម។
រដ្ឋសភាប្រទេសទាំងពីរ គាំទ្រគ្នានៅឆាកអន្តរជាតិ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ក្នុងនោះក្រុមសមាជិកសភាស្ត្រីរបស់ហ្វីលីពីន នឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅខែមីនា ឆ្នាំ២០២៧។ ឯកឧត្តមប្រធានរដ្ឋសភា បានឯកភាពតាមការអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា ក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខនេះផងដែរ ដើម្បីចូលរួមអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ជាចុងក្រោយ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលហ្វីលីពីន ដែលបានផ្ដល់នូវអាហារូបករណ៍ផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មចំនួន ៦០កន្លែង ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា និងហ្វីលីពីន។ រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងហ្វីលីពីន ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញ័រ (Ferdinand R. Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន មកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕


