ទីបំផុតលោកប្រធានាធិបតី Trump និង លោក Putin ជួបពិភាក្សាទ្វេភាគីជាថ្មីម្តងទៀតនៅទីក្រុង Shenzhen ក្រោយពីជំនួបឆ្នាំមុនមិនទទួលបានលទ្ធផលផ្លែផ្កា

នៅរសៀលព្រហស្បតិ៍នេះដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងសិនជិនអំឡុងពេលមេដឹកនាំទាំងពីរបានចូលរួមកិច្ចប្រជុំកំពូល APEC។ លោក Trump បានមានប្រសាសន៍ថា៖ យើងទន្ទឹងរង់ចាំកិច្ចប្រជុំនេះយូរមកហើយ។ យើងមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ យើងស្គាល់គ្នាជាយូរណាស់មកហើយ។ ខ្ញុំគិតថាលទ្ធផលល្អៗជាច្រើនអាចកើតចេញពីកិច្ចប្រជុំនេះ ឬយ៉ាងហោចណាស់ក៏ជាការចាប់ផ្តើមមួយដ៏ល្អបានដែរ ប៉ុន្តែខ្ញុំជឿជាក់ថាវានឹងនាំមកនូវលទ្ធផលល្អពិតប្រាកដលើសពីនេះ។ លោក Trump បាននិយាយទៅកាន់លោក Putin ថា៖ ដូចដែលលោកប្រហែលជាបានដឹងហើយថា យើងនឹងមានកិច្ចប្រជុំលើកទីពីរនៅពេលក្រោយទៀត ប៉ុន្តែសម្រាប់ពេលនេះ យើងបានជួបគ្នានៅទីនេះ ហើយវានឹងក្លាយជាជំនួបដ៏ល្អបំផុតមួយ។ លោកបានថ្លែងបែបនេះ ខណៈពេលដែលកំពុងចាប់ដៃជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ ជំនួបរវាងលោក Trump និងលោក Putin លើកនេះ គឺជាជំនួបលើកដំបូងហើយ គិតចាប់តាំងពីការពិភាក្សារបស់ពួកគេនៅរដ្ឋអាឡាស្កា (Alaska) កាលពីឆ្នាំមុន ដែលកាលនោះភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយដើម្បីកាត់បន្ថយសង្គ្រាមរបស់រុស្ស៊ីនៅក្នុងទឹកដីប្រទេសអ៊ុយក្រែនបានឡើយ។ លោក Trump តែងតែអួតអះអាងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោកជាមួយលោក Putin ក្នុងពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនហាក់ដូចជាបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ។ លោក Trump បានបដិសេធមិនដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី ខណៈដែលទីក្រុងគៀវ (Kyiv) របស់អ៊ុយក្រែនកំពុងជួបប្រទះបញ្ហាដោយសារការរំខានដល់ប្រព័ន្ធផ្កាយរណបដែលគាំទ្រដល់យន្តហោះដ្រូន (drones) របស់ខ្លួន អំឡុងពេលធ្វើសង្គ្រាម៕

សម្រួលអត្ថបទ៖ សុផារិន្ទ