លោកប្រធានាធិបតី Xi Jinping ថ្លែងសុន្ទរកថាសង្កត់ធ្ងន់នៃនវានុវត្តន៍ និងការលើកទឹកចិត្តគ្នាក្នុងសហគមន៍ APEC លើកទី ៣៣ មុនពេលជួបប្រជុំត្រីភាគី ចិន-អាម៉េរិក-រុស្ស៊ី

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំនានាបានមកដល់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APEC) នៅទីក្រុងសិនជិន ប្រទេសចិន ដោយក្នុងនោះមានទាំងលោកប្រធានាធិបតីចិន លោក Xi Jinping ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គសម្រាប់មេដឹកនាំទាំងអស់ដែរ។ លោក Trump លោក Xi និងលោកប្រធានាធិបតី Putin គ្រោងនឹងជួបប្រជុំជាមួយគ្នាលក្ខណៈត្រីភាគីបន្ទាប់ពីថ្ងៃនេះ។ ក្នុងនាមជាម្ចាស់ផ្ទះលោកប្រធានាធិបតី Xi បានដឹកនាំកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ នៅទីក្រុងសិនជិន ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នឹងបានថ្លែងសុន្ទរកថាទៅកាន់អង្គប្រជុំថា៖ លោកសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយ ដែលមានលក្ខណៈនៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក ដោយភាពបើកចំហ និងសមាហរណកម្ម នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ លោក Xi បានអំពាវនាវឱ្យរក្សានូវសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ដោយជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងពង្រឹងចំណងនៃផលប្រយោជន៍រួម និងធ្វើការរួមគ្នាដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈមនានា ព្រមទាំងបន្តលើកកម្ពស់ស្មារតីសហគមន៍។ លោក Xi បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សានូវតំបន់ និយមបែបបើកចំហ ឬ (open regionalism) និងជំរុញសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យកាន់តែរីកចម្រើនជាលំដាប់។ លោកបានអំពាវនាវដល់ភាគីទាំងអស់នៅក្នុងតំបន់ ជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគដោយសេរី និងបើកចំហ ដោះស្រាយរាល់ឧបសគ្គដែលរារាំងដល់លំហូរនៃកត្តាផលិតកម្មនានា និងធានាឱ្យចរន្តសេដ្ឋកិច្ចដំណើរការទៅដោយរលូន។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃនវានុវត្តន៍ក្នុងការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ដោយចាំបាច់ត្រូវលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រួលដល់ការប្រើប្រាស់លទ្ធផលនៃនវានុវត្តន៍ និងបង្កើតបរិយាកាសសហប្រតិបត្តិការមួយដែលបើកចំហ យុត្តិធម៌ ត្រឹមត្រូវ និងមិនមានការរើសអើង។ លើសពីនេះលោកប្រធានាធិបតីចិន ក៏បានសង្កត់ធ្ងន់លើតម្រូវការដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន ក្នុងការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិករួមគ្នាជាសំខាន់៕

សម្រួលអត្ថបទ៖ សុផារិន្ទ