ឯកឧត្តម សួស យ៉ារ៉ា ប្រធានប្រតិភូកម្ពុជា អញ្ជើញចូលរួមសវនាការអាយប៉ា-អាស៊ាន លើកទី៥ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា ប្រធានប្រតិភូកម្ពុជា ចូលរួមសវនាការអាយប៉ា-អាស៊ាន លើកទី៥ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
សវនាការអាយប៉ា-អាស៊ាន លើកទី៥ បានពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន ១)បទបង្ហាញដោយអគ្គលេខាធិការអាស៊ានស្តីពី «ការផ្តល់ភាពអង់អាចដល់ប្រជាជន និងការកសាងអាស៊ានដែលយកប្រជាជនជាស្នូល» ២)បទបង្ហាញដោយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអាយប៉ា-អាស៊ានស្តីពីសិទ្ធិមនុស្ស ក្នុងការជំរុញកំណើនបរិយាបន្ន ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសិទ្ធិមនុស្ស»។
គណៈប្រតិភូសភាកម្ពុជា ឯកឧត្តម សន សារ៉ាណា បានថ្លែងបទអន្តរាគមន៍ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអាស៊ានដែលយកប្រជាជនជាស្នូល ស្នើឱ្យសភាជាតិក្លាយជាដៃគូសកម្មក្នុងអភិបាលកិច្ចតំបន់ និងគាំទ្រភាពជាដៃគូអាស៊ាន-អាយប៉ា ដើម្បីឈានទៅសម្រេចចក្ខុវិស័យអាស៊ាន ២០៤៥។ សភាកម្ពុជាបានលើកនូវអនុសាសន៍ចំនួន៣ ដោយស្នើឱ្យ ១)មានប្រព័ន្ធផ្តល់ព័ត៌មានពីលេខាធិការដ្ឋានអាស៊ានដល់អាយប៉ាប្រសើរជាមុន ២)បង្កើតក្រុមការងារជំនាញរួមលើវិស័យអាទិភាពដូចជា នីតិកម្ម អាកាសធាតុ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការការពារជនផ្លាស់ទីលំនៅ និង ៣)ទទួលយកក្របខណ្ឌអាយប៉ា-AICHR ជាគំរូស្តង់ដារសម្រាប់សសរស្តម្ភអាស៊ានដទៃទៀត។ ឯកឧត្តមក៏បានអំពាវនាវឱ្យសភាអាយប៉ា ជំរុញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ និងអនុញ្ញាតឱ្យជនស៊ីវិលកម្ពុជាប្រមាណ ២០.០០០នាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងមានសេចក្តីថ្លៃថ្នូរ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីថៃដែលថា កម្ពុជាមិនគួរលើកយកជម្លោះរវាងកម្ពុជា-ថៃ មកពិភាក្សាក្នុងវេទិកាពហុភាគី ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានបញ្ជាក់ថាការអនុវត្តច្បាប់ មិនមែនមានតែនៅក្នុងកិច្ចព្រមព្រៀងតែប៉ុណ្ណោះទេ ប៉ុន្ដែត្រូវការអនុវត្តទៅលើស្ថានភាពជាក់ស្ដែង។ ដោយឡែក បច្នុប្បន្ននេះជនភៀសសឹកនិងកុមាររបស់កម្ពុជាមិនទាន់អាចត្រលប់ទៅលំនៅឋាន និងចូលរៀនវិញបាននៅឡើយ ហេតុដូច្នេះហើយ ការជួយដល់ជនភៀសសឹកគឺដូចជាការបង្ហាញថា អាយប៉ា និងអាស៊ានយកប្រជាជនជាស្នូល។


